ក្រុមការងារជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននឹងកំពុងពន្លឿនការរៀបចំនីតិវិធីអនុវត្តការដកពិន្ទុលើបណ្ណបើកបរតាមរយៈកម្មវិធីទូរស័ព្ទដៃស្មាតហ្វូន ដើម្បីពង្រឹងការអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក

ថ្ងៃពុធ ០៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ Zoom ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពការងារនៃការរៀបចំកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីលោកអគ្គនាយករង លោកស្រីប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោកប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួងផងដែរ។

 
ក្រុមការងារជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននឹងកំពុងពន្លឿនការរៀបចំនីតិវិធីអនុវត្តការដកពិន្ទុលើបណ្ណបើកបរតាមរយៈកម្មវិធីទូរស័ព្ទដៃស្មាតហ្វូន ដើម្បីពង្រឹងការអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក

បច្ចុប្បន្ន ក្រុមការងារជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងរៀបចំឯកសារពាក់ព័ន្ធ និងតភ្ជាប់ប្រព័ន្ធដើម្បីឱ្យកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកឱ្យរួចរាល់ មុននឹងរាយការណ៍ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅចុងខែកក្កដា ឆ្នាំ២០២១ និងទិសដៅប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២។

កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក អាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។

គួរកត់សម្គាល់ផងដែរថា៖ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមាន ពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់ បានបណ្ណ បើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ៕

 

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន