កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់ការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(ភ្នំពេញ) នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និងឯកឧត្តម ជូម៉ា អាល់កេត (Juma Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម បានដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធផលនៃការចរចា និងប្រកាសបិទបញ្ចប់ជាផ្លូវការនៃការចរចាជុំទី២នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CAM-UAE CEPA) ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៩-២១ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំពេញអង្គនេះ ប្រធានក្រុមចរចារបស់ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់លើវឌ្ឍនភាព និងដំណើរការចរចាជុំទី២ នៃកិច្ចព្រមព្រៀង CAM-UAE CEPA ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានផ្លែផ្កាគួរជាទីសោមនស្សរីករាយ ដោយឈរលើមាគ៌ាផលប្រយោជន៍រួមនិងបំពេញឲ្យគ្នាទៅវិញទៅមក រួមទាំងអនុលោមតាមបញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានគូសបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង CAM-UAE CEPA នឹងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងជំរុញការតភ្ជាប់ពីតំបន់ទៅតំបន់ជាពិសេសគឺរវាងអាស៊ាន និងតំបន់មជ្ឈឹមបូព៌ា ឱ្យកាន់តែល្អប្រសើរថែមទៀត។
គួរបញ្ជាក់ថា ក្នុងអំឡុងការចរចាជុំទី២នេះ ភាគីទាំងពីរបានចរចានិងដោះស្រាយរាល់ចំណុចដែលមិនទាន់មានការឯកភាពគ្នាទាំងស្រុង ដើម្បីឱ្យកិច្ចព្រមព្រៀង CAM-UAE CEPA មានលក្ខណៈស៊ីជម្រៅ តែគិតគូរទៅមុខវែងឆ្ងាយ និងមានភាពបត់បែនឆ្ពោះទៅរកជំហររួម និងអត្ថប្រយោជន៍រួម។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានបន្តធ្វើឱ្យស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិលើគ្រប់វិស័យជាសារវ័ន្ត ដូចជា៖ ពាណិជ្ជកម្មនិងវិនិយោគ សេវាកម្ម ទេសចរណ៍ ហិរញ្ញវត្ថុ កសិកម្ម ពាណិជ្ជកម្មឌីជីថល អប់រំ ឧស្សាហកម្ម ថាមពល បច្ចេកវិទ្យា -ល- ដែលសុទ្ធសឹងជាធាតុសំខាន់ៗបម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។
ជាកិច្ចបញ្ចប់ ប្រធានក្រុមការងារចរចាទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុរួមដែលជាលទ្ធផលនៃការចរចាជុំទី ២នេះ និង បានឯកភាពគ្នាជាគោលការណ៍ក្នុងការពិនិត្យលទ្ធភាពរៀបចំការចរចាជុំទី៣ ដែលអាមីរ៉ាតអារ៉ាប់រួម នឹងត្រូវធ្វើជាម្ចាស់ផ្ទះ នាពេលវេលាសមស្រប ក្នុងឆ្នាំ២០២៣ ខាងមុខ៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម