សូមប្រុងប្រយ័ត្ន មេរោគ Facebook កំពុងវាយប្រហារនៅកម្ពុជា!

នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសសង្កេតឃើញមានករណីចម្លងមេរោគក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលមេរោគនោះមានឈ្មោះថា "Bist du es im Video?" ជាភាសាខ្មែរមានន័យថា "តើបុគ្គលក្នុងវីដេអូនេះ ពិជាអ្នកមែនទេ?"។

 
សូមប្រុងប្រយ័ត្ន មេរោគ Facebook កំពុងវាយប្រហារនៅកម្ពុជា!
សូមប្រុងប្រយ័ត្ន មេរោគ Facebook កំពុងវាយប្រហារនៅកម្ពុជា!

មេរោគនេះត្រូវបានចែករំលែកតាមរយៈសារ Messenger នៃគណនីមួយទៅកាន់គណនីផ្សេងមួយទៀត និងស្ទើពាសពេញគណនីបណ្តាញសង្គម Facebook ក្នុងស្រទាប់យុវវ័យកម្ពុជា។

ដើម្បីឲ្យកាន់តែងាយយល់ ក្រុមការងារសូមធ្វើការបរិយាយពី ចេតនា និងសកម្មភាព មេរោគ "Bist du es im Video?" ដូចខាងក្រោម៖

- ដំបូងឡើយសង្កេតឃើញការផ្ញើសារភ្ជាប់ជាមួយតំណភ្ជាប់វីដេអូ ពីគណនីអនាមិក ដែលបង្ហាញខ្លឹមសារថា "តើបុគ្គលក្នុងវីដេអូនេះ ពិជាអ្នកមែនទេ?" និងករណីមួយចំនួនជាមិត្តភក្រ ឬបុគ្គលដែលម្ចាស់គណនីស្គាល់។ តំណភ្ជាប់នោះមើលទៅហាក់ដូចជារូបភាព ឬវីដេអូ YouTube ដូច្នេះដែរ

- ពេលដែលអ្នកធ្វើការចុចលើរូបភាព ឬវីដេអូ ក្នុងកម្មវិធីសារ Messenger តំណភ្ជាប់នោះនឹងនាំអ្នកទៅកាន់គេហទំព័រមេរោគ ដែលមានសមត្ថភាពលួចយកលេខសម្ងាត់គណនីបណ្តាញសង្គមរបស់អ្នក ដោយវិធីសាស្ត្របន្លំលួច (Phishing) ឬចម្លងមេរោគ (Malware)

- បន្ទាប់ពីលួចគណនីជនរងគ្រោះ មេរោគនេះនឹងធ្វើការទាញយករូបភាពជនគ្រោះ ដាក់បញ្ចូលក្នុងរូបភាព ឬវីដេអូ អាសអាភាស ឬវីដេអូផ្សេងៗ ដោយប្រើប្រាស់បច្ចេកវិទ្យា DeepFake ហើយធ្វើការចែករំលែកបន្តទៅកាន់មិត្តភក្រដែលមានក្នុងគណនី ដោយស្វ័យប្រវត្តិ

- សកម្មភាពបន្លំលួចគណនីដូចរៀបរាប់ខាងលើ នឹងបន្តពីគណនីមួយ ទៅគណនីមួយយ៉ាងលឿន។

ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរំលឹកដល់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម មេត្តាមានការប្រុងប្រយ័ត្ន ដោយពុំត្រូវធ្វើការចុចលើតំណភ្ជាប់ដែលពុំមានប្រភពច្បាស់លាស់ និងត្រូវជៀសវាងការផ្តល់លេខសម្ងាត់គណនីឲ្យទៅនរណាម្នាក់ (ត្រូវអង្កេតមើលអាសយដ្ឋានគេហទំព័រ មុនវាយបញ្ចូលលេខសម្ងាត់)៕

#FacebookVirus #Malware #DeepFake #IsItYou #ITDepartment #MoI

 

 

ប្រភព: នាយកដ្ឋានព័ត៌មានវិទ្យា