ក្រសួងអប់រំសម្រេចផ្អាកការសិក្សាសាលារដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ជាបណ្ដោះអាសន្ន ចំនួន២សប្តាហ៍
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡា នាថ្ងៃទី ៧ខែវិច្ឆកា ឆ្នាំ២០២០នេះបានឱ្យដឹងថា ក្រសួងបានចេញវិធានការថ្មីបន្ថែម២ចំណុចធំៗទៀត លើមាតាបិតានិងអាណាព្យាបាលសិស្ស ដែលមានការពាក់ព័ន្ធ ដោយផ្ទាល់នឹងដោយប្រយោលជាមួយនឹងគណៈប្រតិភូហុងគ្រីដែល រកឃើញមានផ្ទុកកូវីដ១៩កាលពីថ្ងៃទី ៣កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី៧ ខាងក្រសួងអប់រំក៏បានរកឃើញគ្រឹះស្ថានសិក្សា២ ដែលមានបុគ្គលិកជាប់ពាក់ព័ន្ធនឹងគណៈប្រតិភូហុងគ្រី ហើយសាលាទាំង២ក៏ត្រូវបាន ផ្អាកជាបន្ទាន់ផងដែរ។
តែទោះជាយ៉ាងណា ថ្នាក់ដឹកនាំនិងក្រសួងពាក់ព័ន្ធទាំងអស់បានអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នឱ្យបានកាន់តែខ្ពស់ ចំពោះការកើតមានហានិភ័យមួយនេះ។
គួរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ សរុបមានចំនួន២៩៥នាក់ ក្នុងនោះមានស្រ្តី ៦០នាក់ និងបុរស ២៣៥នាក់៕
ប្រភព: ក្រសួងអប់រំ យុវជននិងកីឡា