សម្តេច ហ៊ុន សែន គ្រោងនឹងចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ នៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី
ប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។ កិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។ ថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។
ព្រឹកថ្ងៃទី២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់ខ្ញុំត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខ្ញុំត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះខ្ញុំត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត។
ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ ខ្ញុំត្រូវអោយភរិយាខ្ញុំនាំកូននិងចៅទៅសម្រាកនៅទីកន្លែងផ្សេង។ សមាជិកប្រតិភូដែលធ្វើដំណើរជាមួយខ្ញុំ ត្រូវយកសំណាកនិងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា។ មានអ្នកអោយយោបល់ខ្ញុំថាដោយសារខ្ញុំចាក់វ៉ាក់សាំងរួចហើយ ខ្ញុំគួរធ្វើចត្តាឡីស័ក៧ថ្ងៃបានហើយ តែខ្ញុំបានប្រាប់ទៅពួកគាត់វិញថាខ្ញុំចង់ធ្វើអោយប្រាកដថាខ្ញុំមិនមានវិជ្ជមានកូវីដ-១៩ នោះទេព្រោះខ្ញុំត្រូវធ្វើការជាមួយមនុស្សច្រើនគ្នា ពិសេសចៅៗរបស់ខ្ញុំទាំងតូចទាំងធំតែងមកលេងច្របាច់ជើងនិងគេងលើគ្រែព្រមទាំងរត់លេងក្នុងបន្ទប់របស់ជីតា”៕
សូមចុចlink Telegram Channel CNGTV Cambodia ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃតាមរយៈ https://t.me/cngtvcambodia
ប្រភព: ផេកហ្វេសប៊ុកសម្តេច ហ៊ុន សែន