កម្ពុជា និងកូរ៉េខាងត្បូង រួមគ្នាធ្វើជាម្ចាស់ផ្ទះ បើកកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ នៅថ្ងៃទី១៩ខែមីនា ខាងមុខនេះ

(ភ្នំពេញ)៖ កម្ពុជា និងកូរ៉េខាងត្បូង នឹងរួមគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ តាមប្រព័ន្ធ internet ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ នឹងធ្វើឡើងក្រោមប្រធានបទស្តីពី «ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩»។

 
កម្ពុជា និងកូរ៉េខាងត្បូង រួមគ្នាធ្វើជាម្ចាស់ផ្ទះ បើកកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ នៅថ្ងៃទី១៩ខែមីនា ខាងមុខនេះ

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អនុប្រធាន ICAPP និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ជាមួយលោក ចូហ្សេ ដឺវេណេស្សា ប្រធានស្ថាបនិកអង្គការ ICAPP និងជាសហប្រធានស្ថាបនិក ACC និង លោក ចូរ ប៉ីយ៉ុងចេ (Hon. Cho-byuong Jae) អគ្គលេខាធិការ ICAPP នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំនេះ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

សូមជម្រាបថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់លើផ្នែកវប្បធម៌នេះ មានគោលបំណងប្រមូលផ្តុំនូវអ្នកជំនាញវប្បធម៌ ថ្នាក់ដឹកនាំគំនិត និងអ្នកធ្វើគោលនយោបាយ នៅក្នុងតំបន់ ដើម្បីចែករំលែកទស្សនវិស័យ និងស្វែងរកដំណោះស្រាយជាក់ស្តែងលើប្រធានបទសំខាន់ៗចំនួនពីររួមមាន៖ ការវិនិយោគលើវប្បធម៌ និងភាពច្នៃប្រឌិត ដើម្បីកំណើនប្រកបដោយបរិយាប័ន្ន និងការលើកកម្ពស់ភាពប្រទាក់ក្រឡាគ្នារវាងវប្បធម៌-នវានុវត្តន៍។

សេចក្តីប្រកាសទីក្រុងភ្នំពេញ (Phnom Penh Declaration) ស្តីពី «កិច្ចសហប្រតិបត្តិការវប្បធម៌ និងនវានុវត្តន៍ ដើម្បីវិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩» នឹងត្រូវបានអនុម័តក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នាសប្តាហ៍នេះ។

គួររំលឹកផងដែរថា កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាស្ថាប័នបុត្រសម្ព័ន្ធរបស់ ICAPP បានប្រារព្ធធ្វើឡើងជាលើកដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅលើទឹកដីសៀមរាបអង្គរ ជង្រុកវប្បធម៌ និងប្រាង្គប្រាសាទដ៏ល្បីល្បាញរបស់កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី ព្រមទាំងឥស្សរជនជាន់ខ្ពស់សំខាន់ៗ ជាសមាជិករបស់ ICAPP បុគ្គលថ្នាក់ដឹកនាំ ដែលមានដូចជា លោក មហាម៉ាត់ ជូសុហ្វ ខាឡា អនុប្រធានាធិបតីឥណ្ឌូនេស៊ី និង បណ្តាថ្នាក់ដឹកនាំរដ្ឋសភាមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន៣៨ប្រទេស ក៏ដូចជាបណ្តាមិត្តមកពីទី្វបអឺរ៉ុប អាហ្វ្រិក អាមេរិកខាងជើង អាមេរិកឡាទីន អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការយូណេស្កូ សរុបប្រមាណ ៨០០រូប។

អង្គការយូណេស្កូបានទទួលស្គាល់ជាផ្លូវការថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ជាដៃគូសហប្រតិបត្តិការល្អក្នុងកិច្ចការវប្បធម៌ ហើយអង្គការទាំងពីរបាននិងកំពុងធ្វើការជាមួយគ្នាលើគម្រោងជាច្រើនរួមមាន ការសិក្សាគោលនយោបាយវប្បធម៌អាស៊ីនៅឆ្នាំ ២០១៩ ដែលជាការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌នៅឆ្នាំ២០១៩៕

 

ប្រភព: ក្រសួងព័ត៌មាន