ក្នុងរយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះក្រសួងបរិស្ថាន បណ្តុះកូនឈើចំនួនជាង ៤០ម៉ឺនដើម

មកទល់ពេលនេះ ក្រសួងមានកូនឈើជាង៧០ម៉ឺនដើមក្នុងដៃ ទី១គឺមន្ទីរបរិស្ថានបានបណ្តុះបានកូនឈើចំនួនជាង៤០ម៉ឺនដើម ទី២គឺក្រសួងបានទទួល កូនត្នោតចំនួនជាង៣០ម៉ឺនដើម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ជូនក្នុង១ឆ្នាំបន្ថែមទៀត។

 
ក្នុងរយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះក្រសួងបរិស្ថាន បណ្តុះកូនឈើចំនួនជាង ៤០ម៉ឺនដើម

គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន តាមរយៈមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានរាជធានី និងខេត្តនានា បានបណ្តុះកូនឈើចំនួន ៤១៦,១៦៣ដើម រួចជាស្រេច សម្រាប់ឆ្ពោះទៅសម្រេចយុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ គិតចាប់ផ្តើមពីថ្ងៃបើកយុទ្ធនាការ ១០ តុលា មកទល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ មន្រ្តីក្រសួងបរិស្ថាន បានចែកកូនឈើគ្រប់ប្រភេទ (កូនឈើប្រណីត និងកូនឈើហូបផ្លែ) ចំនួន ២០០,៥៦២ដើម រួចជាស្រេច ទៅដល់ប្រជាពលរដ្ឋ ដើម្បីដាំស្តារព្រៃរេចរឹល ដាំនៅតាមមូលដ្ឋាន តាមសហគមន៍ ដាំនៅតាមសាលារៀន វត្តអារាមនានាផងដែរ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងមានកូនឈើជាង៧០ម៉ឺនដើមក្នុងដៃ ទី១ គឺមន្ទីរបរិស្ថានបានបណ្តុះបានកូនឈើចំនួនជាង៤០ម៉ឺនដើម ទី២ គឺក្រសួងបានទទួល កូនត្នោតចំនួនជាង៣០ម៉ឺនដើម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ជូនក្នុង១ឆ្នាំបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានរំលេចចេញនូវការងារអាទិភាពចំនួន៣ រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងមុំផែនការអាទិភាពទី២ ភាពបៃតង ក្រសួងបរិស្ថាននិងអនុវត្តដោយពង្រីកចលនាដាំដើមឈើ ជំរុញការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

លើសពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការចំនួន៤ សម្រាប់ការគ្រប់គ្រង ធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យមានប្រសិទ្ធភាព រួមមាន ការអនុវត្តច្បាប់១០០% មិនអត់ឱនចំពោះឧក្រិដ្ឋកម្ម ធនធានធម្មជាតិ និងពង្រឹងសហការឱ្យកាន់ស្អិតរមួត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូជាសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងអគ្គបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត និងបង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព៕

ប្រភព៖ ក្រសួងបរិស្ថាន