អ្នកវិទ្យាសាស្ត្រអាមេរិកថា ពន្លឺព្រះអាទិត្យ អាកាសធាតុក្តៅ ហើយសើមអាចកាត់បន្ថយឥទ្ធិពលមេរោគកូរ៉ូណា
ទីក្រុងវ៉ាស៊ីនតោន៖ វីរុសកូរ៉ូណា អាចនឹងចុះខ្សោយឥទ្ធពលជាងមុននៅពេលដែលវាប៉ះនឹងពន្លឺព្រះអាទិត្យ អាកាសធាតុក្តៅ ហើយសើម។ នេះបើតាមមន្ត្រីសហរដ្ឋអាមេរិក ដែលបានលើកឡើងអំពីសញ្ញាដែលថា ការរាតត្បាតនៃវីរុសកូវីដ១៩អាចនឹងថមថយទៅវិញនារដូវក្តៅ។
ក្រុមអ្នកស្រាវជ្រាវអាមេរិកបានកំណត់ថា វីរុសនេះអាចរស់នៅក្នុងកន្លែងបិទជិត និងក្នុងស្ថានភាពស្ងួត ហើយអាចថមថយឥទ្ធិពលទៅវិញនៅពេលដែលមានអាកាសធាតុក្តៅ ហើយសើម ហើយជាពិសេសនៅពេលដែលវាប៉ះផ្ទាល់ជាមួយពន្លឺព្រះអាទិត្យ។
ការរកឃើញនេះអាចជំរុញឲ្យមានក្តីសង្ឃឹមកាន់តែខ្លាំងឡើងដែលថាវីរុសកូរ៉ូណានឹងមានលក្ខណៈដូចជាវីរុសផ្តាសាយ ដែលនេះមានន័យថាវានឹងថមថយនៅពេលដែលអាកាសធាតុក្តៅ។
ការស្រាវជ្រាវនេះក៏បានបង្ហាញផងដែរថា នៅពេលដែលវីរុសនេះស្ថិតនៅក្នុងអាកាសធាតុសើមខ្លាំង វានឹងមានឥទ្ធពលអាចរស់នៅបានរហូតដល់៦ម៉ោង ហើយនៅពេលវាប៉ះជាមួយសំណើម និងពន្លឺព្រះអាទិត្យ វាអាចរស់នៅបានត្រឹមតែ២នាទីប៉ុណ្ណោះ។
ក្រុមអ្នកស្រាវជ្រាវបានបង្ហាញផងដែរថា នៅក្នុងបន្ទប់ងងឹតវីរុសរក្សាកម្លាំងរបស់វាបានពាក់កណ្តាលរយៈពេលមួយម៉ោង។ ប៉ុន្តែនៅពេលប៉ះនឹងពន្លឺព្រះអាទិត្យវាបាត់បង់កម្លាំងពាក់កណ្តាលក្នុងរយៈពេល ៩០ វិនាទី៕
ប្រភព៖ Reuters ប្រែសម្រួល៖ ជា បញ្ញា