ផ្ទះប្រជាពលរដ្ឋជាង៥០ខ្នងនៅជិតព្រំដែនកម្ពុជា-ថៃ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង រួមជាមួយនឹងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃ ត្រូវបានកម្លាំងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ចុះជួយសង្គ្រោះ

(បន្ទាយមានជ័យ) ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១៣ ចំនួន៣០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូច ចុះជួយប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង រួមជាមួយនឹងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃ បណ្តាលអោយលិចផ្ទះប្រជាពលរដ្ឋសរុបរួម៥៣ខ្នង និងផ្ទះលិចមិនអាចរស់នៅបានចំនួន៦ខ្នង ដែលស្ថិតនៅភូមិវត្តចាស់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋចំនួន៦គ្រួសារ និងសម្ភារមួយចំនួនត្រូវបានកងកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកជញ្ជូនមកដល់ទីទួលសុវត្ថិភាព និងកំពុងស្នាក់នៅ បណ្តោះអាសន្ននៅសាលាឃុំអូរបីជាន់៕
ប្រភព: កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ