ចុងសប្ដាហ៍ទី១ខែមីនានេះ កម្ពុជាទទួលបានភ្ញៀវជិត២០ម៉ឺននាក់, ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន អះអាងថាមានសន្ទុះវិជ្ជមានឡើងវិញ
(ភ្នំពេញ)៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២២ មានសន្ទុះវិជ្ជមានឡើងវិញបន្ទាប់ពីមានការថមថយ៣សប្តាហ៍ជាប់គ្នា ដោយភ្ញៀវសរុបមានចំនួន១៩៩,៤២៩នាក់ ក្នុងនោះភ្ញៀវជាតិ១៨៨,៣៣៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,០៩១នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៤០,០១២នាក់
* រាជធានីភ្នំពេញ ២៤,១០១នាក់
* ខេត្តពោធិ៍សាត់ ២៣,៥១៨នាក់
* ខេត្តបាត់ដំបង ២០,៥៩០នាក់
* ខេត្តកំពត ១៩,៣៦១នាក់
* ខេត្តសៀមរាប ១៨,៦០៩នាក់
* ខេត្តកែប ៦.៣១៦នាក់
* ខេត្តកំពង់ស្ពឺ ៥,៨៧៧នាក់
* ខេត្តមណ្ឌលគិរី ៥,០៣១នាក់។
ឯកឧត្ដម ថោង ខុន បានអះអាងថា ចរន្តភ្ញៀវទេសចរក្នុងសប្តាហ៍នេះ មានសន្ទុះវិជ្ជមានឡើងវិញបន្ទាប់ពីមានការថមថយ៣សប្តាហ៍ជាប់គ្នា។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ២០.៨៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។
ជាមួយអត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដែលមានលក្ខណៈថមថយខ្លះធៀបនឹងសប្តាហ៍កន្លងមក ភ្ញៀវទេសចរបានចាប់ផ្តើមដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍តាមខេត្តឡើងវិញជាបណ្តើរៗ ប៉ុន្តែតាមការសង្កេតជាក់ស្តែង ចរន្តភ្ញៀវពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត ក៏នៅមិនទាន់មានចំនួនច្រើននៅឡើយធៀបនឹងរយៈពេលមុនមានការកំរើកឡើងនៃវីរុសប្រភេទអូមីក្រុង។ បើសិនជានិន្នាការនៃការរីករាលដាលនៃ អូមីក្រុង បន្តថមថយចុះ ចរន្តភ្ញៀវទេសចរផ្ទៃក្នុង នឹងមានភាពផុសផុលត្រលប់មកវិញ ពិសេសអាចវិលទៅរកស្ថានភាពមុនការកម្រើកនៃប្រភេទអូមីក្រុងនេះ ដូចកាលពីកំឡុងចុងខែមករា និងដើមខែកុម្ភៈកន្លងមក។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការយកចិត្តទុកដាក់ខ្លាំងជាមុន ពិសេសការអនុវត្តវិធានការជាមូលដ្ឋាន «៣កុំ និង ៣ការពារ» ដោយបារម្ភខ្លាចប្រភេទអូមីក្រុង ដែលមានការចម្លងលឿន។
ក្រសួងទេសចរណ៍ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ មន្ទីរសុខាភិបាលនៅតែបន្តសហការជាមួយមន្ទីរ និងស្ថាប័នពាក់ពាន់ខិតខំជំរុញការអនុវត្តន៍វិធានការ៣កុំ និង៣ការពារ វិធានសុវត្ថិភាពទេសចរណ៍ និង SOP ជាប្រចាំ បើទោះអត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្តខ្លះក៏ដោយ៕
ប្រភព៖ ក្រសួងទេសចរណ៍