[COVID-19] កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២ករណី ខណៈមានអ្នកជាសះស្បើយ២ករណី

កម្ពុជាបានព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ជាសះស្បើយចំនួន២ករណីបន្ថែម និងរកឃើញករណីឆ្លងថ្មី២នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១២២នាក់ និងជាសះស្បើយសរុប ៧៧នាក់។ បច្ចុប្បន្នចំនួនអ្នកកំពុងទទួលការព្យាបាលធ្លាក់ចុះមកត្រឹម ៤៥នាក់ប៉ុណ្ណោះគិតមកទល់ថ្ងៃនេះ។

 
[COVID-19] កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២ករណី ខណៈមានអ្នកជាសះស្បើយ២ករណី

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី១២ មេសា ២០២០ មុននេះបន្តិចថា កម្ពុជាបានព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ជាសះស្បើយចំនួន២ករណីបន្ថែម និងរកឃើញករណីឆ្លងថ្មី២នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១២២នាក់ និងជាសះស្បើយសរុប ៧៧នាក់។ បច្ចុប្បន្នចំនួនអ្នកកំពុងទទួលការព្យាបាលធ្លាក់ចុះមកត្រឹម ៤៥នាក់ប៉ុណ្ណោះគិតមកទល់ថ្ងៃនេះ។

ករណីឆ្លងថ្មី២នាក់ កើតលើស្ត្រីជនជាតិវៀតណាម អាយុ២៤ឆ្នាំ ជាអ្នកទេសចរណ៍ស្នាក់នៅបន្ទប់មួយ (Apartment) នៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ និងបុរសជនជាតិបាកាណាដា (ដើមកំណើតចិន) អាយុ ៥០ឆ្នាំ ជាស្វាមីស្រ្តីជនជាតិវៀតណាមខាងលើ បម្រើការនៅកាស៊ីណូក្នុងរាជធានីភ្នំពេញ បច្ចុប្បន្នអ្នកទាំងពីរកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។

ដោយឡែកករណីជាសះស្បើយមាន២នាក់ គឺបុរសជនជាតិម៉ាឡេស៊ី២នាក់ មានអាយុ៣៤ឆ្នាំ និងអាយុ៥៨ឆ្នាំ មកពីប្រទេសម៉ាឡេស៊ីធ្វើការងារសាសនានៅតាមភូមិឃុំស្រុកកងមាស ខេត្តកំពង់ចាម បានជាសះស្បើយ ដោយទទួលបានលទ្ធតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម។

សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតការពារកុំឲ្យមានការចម្លងវីរុសកូវីដ១៩នេះ ដោយស្នើ និងក្រើនរំលឹកប្រជាពលរដ្ឋប្រកាន់យកការផ្លាស់ប្តូរឥរិយាបទ ឬទម្លាប់របស់ខ្លួនជាចាំបាច់នៅក្នុងដំណាក់កាលដែលវីរុសកូវីដ១៩ត្រូវបានរកឃើញក្នុងចំណោមជនបរទេសជាបន្តបន្ទាប់នេះ និងអនុវត្តការដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ សម្រាប់បុគ្គលចំណាកស្រុកដែលបានវិលត្រឡប់មកផ្ទះសម្បែង។

ក្រសួងសុខាភិបាលក៏បានសង្កត់ធ្ងន់បន្ថែមទៀតផងដែរថា សំខាន់បំផុតដើម្បីសុខភាពទាំងអស់គ្នា ចៀសផុតពីការចម្លងវីរុសកូវីដ១៩ ប្រជាពលរដ្ឋត្រូវតែខិតខំអនុវត្តតាមការណែនាំ និងបទបញ្ជាផ្សេងៗពីសំណាក់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត៕

ដោយ៖ ចាប មិថុនា