ស្ថាប័នពីររួមគ្នាបញ្ជ្រៀបចំណេះដឹងផ្នែកសហគ្រិនភាពដល់យុវជន ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ
កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ សហព័ន្ធសេវាអប់រំនៅកម្ពុជាបានចុះហត្ថលេខាភាពជាដៃគូជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងទិសដៅបញ្ជ្រៀបចំណេះដឹងផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យឯកជន ក៏ដូចជាសេដ្ឋកិច្ចប្រទេសកម្ពុជា។
ឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាបានឱ្យដឹងថា ការចុះហត្ថលេខាភាពជាដៃគូនៅថ្ងៃនេះ គឺជាប្រវត្តិសាស្រ្តថ្មីមួយដែលវិស័យអប់រំ និងសហគ្រិនសហការ ខិតខំប្រឹងប្រែង បន្តបន្ស៉ីចក្ខុវិស័យរួមគ្នាក្នុងទិសដៅអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយផ្នែកសហគ្រិនជួយចង្អុលបង្ហាញពីទិសដៅ គោលនយោបាយ ចំណេះ ជំនាញ គុណវុឌ្ឍិ អត្តចរិក និងនិយោជិកប្រភេទណាដែលសហគ្រិនត្រូវការ ដើម្បីឱ្យវិស័យអប់រំរៀបចំយន្តការ និងកម្មវិធីសិក្សាសម្រាប់ការអប់រំបណ្តុះបណ្តាលឱ្យត្រូវនឹងតម្រូវការរបស់សហគ្រិន ក៏ដូចជាតម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
លោកប្រធានសហព័ន្ធបានបន្ថែមទៀតថា ក្រសួងអប់រំ យុវជន និងកីឡាបានយកចិត្តទុកដាក់ និងបញ្ចូលកម្មវិធីសិក្សាលើផ្នែកសហគ្រិន ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងគ្រឹះស្ថានអប់រំសាធារណៈ ដែលជាការចូលរួមដ៏ប្រសើរក្នុងការអភិវឌ្ឍសហគ្រិនភាព។
លោករំពឹងថាកិច្ចសហប្រតិបត្តិការនេះ នឹងទាក់ទាញចំណាប់អារម្មណ៍គ្រឹះស្ថានឧត្តមសិក្សា ក្រុមហ៊ុន និងម្ចាស់អាជីវកម្មធន់តូចនិងមធ្យមនានា សហការជាមួយសហព័ន្ធសេវាអប់រំនៅកម្ពុជា ដើម្បីបន្តចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានឱ្យដឹងថា ប្រទេសមួយរឹងមាំ និងអភិវឌ្ឍទៅបានអាស្រ័យលើប្រជាជនមានចំណេះដឹងផ្នែកសហគ្រិនភាព។ ជាទិសដៅរបស់សមាគម មានចក្ខុវិស័យបញ្ជ្រៀបស្មារតីសហគ្រិនភាពចាប់ពីកម្រិតបឋមសិក្សាមកដល់កម្រិតឧត្តមសិក្សា ដើម្បីឱ្យប្រជាជនរបស់យើងយល់ពីខ្លឹមសារ និងអត្ថន័យពាក្យ “សហគ្រិនភាព” ឱ្យបានត្រឹមត្រូវ។ ប្រជាជនមួយចំនួនយល់ថា សហគ្រិនភាព លុះត្រាតែពួកគាត់មានសហគ្រាស មានក្រុមហ៊ុន និងមានអាជីវកម្មមួយផ្ទាល់ខ្លួន។ ប៉ុន្តែសហគ្រិនភាព មិនមែនមានន័យត្រឹមតែកម្រិតខាងលើនេះទេ។
លោកបានពន្យល់ថា សហគ្រិនភាព គឺជាគំនិតច្នៃប្រឌិតថ្មី គំនិតនវានុវត្តក្នុងការដោះស្រាយបញ្ហអ្វីមួយ ដែលកំពុងធ្វើប្រចាំថ្ងៃឱ្យមានភាពងាយស្រួល សន្សំសំចៃ ទទួលបានលទ្ធផលខ្ពស់ និងមានប្រសិទ្ធភាពកាន់តែប្រសើរឡើង។ កាលណាប្រជាជនមានចំណេះដឹងផ្នែកសហគ្រិនភាពល្អប្រសើរនឹងជួយជំរុញការប្រើប្រាស់កំលាំងពលកម្ម និងធនធានប្រកបដោយប្រសិទ្ធភាព ចំទិសដៅ ចំណេញថវិកា និងពេលវេលា។
តាមរយៈកិច្ចសហការភាពជាដៃគូនេះនឹងចូលរួមចំណែកអភិវឌ្ឍសហគ្រិនភាពជូនដល់យុវជនកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនវិបុលភាពប្រទេសកម្ពុជាបន្ថែមទៀត៕