ប្រមុខដឹកនាំកំពូលសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ជួបប្រជុំលើកទី៤ និងធ្វើជាសក្ខីភាពនៅក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអាសិប តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កាលពីម្សិលមិញ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីប្រមុខដឹកនាំអាសិប ទាំង១៥ និងអគ្គលេខាធិការអាស៊ាន ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តនូវអាណត្តិផ្តល់ឱ្យរដ្ឋមន្រ្តីអាសិប កាលពីកិច្ចប្រជុំកំពូលលើកទី៣ និងធ្វើជាសក្ខីភាពនៅក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអាសិប។

 
ប្រមុខដឹកនាំកំពូលសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ជួបប្រជុំលើកទី៤ និងធ្វើជាសក្ខីភាពនៅក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអាសិប តាមប្រព័ន្ធវីដេអូ

ប្រមុខដឹកនាំអាសិប បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋមន្រ្តី និងអ្នកចរចាអាសិបទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេល ៨ឆ្នាំ កន្លងមកនេះ និងសម្រេចបាននូវអាណត្តិ ដែលបានផ្តល់ឱ្យកាលពីកិច្ចប្រជុំកំពូលអាសិប លើកទី៣ ឆ្នាំ២០១៩ កន្លងទៅ។

សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានប្រគល់សិទ្ធិជូន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះ ក៏នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយដល់ដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។ អាសិប ក៏ដើរតួនាទីជាកាតាលីករមួយផងដែរ ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជននៅក្នុងតំបន់ ព្រមទាំងជួយស្តារសង្គម-សេដ្ឋកិច្ចតំបន់ឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ បានបញ្ចប់។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនាពេលនេះ បង្កើតបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់លើ៖

 (១) ប្រជាជនប្រមាណ ២.២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក

 (២) ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ ទ្រីលាន ដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក

 (៣) ទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។ 

សម្រាប់កម្ពុជា ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់វិទ្យាស្ថាន ERIA បានបង្ហាញថា ក្រោយពី កិច្ចព្រមព្រៀងអាសិបនេះចូលជាធរមាន គិតជាកំណើនប្រចាំឆ្នាំ ការនាំចេញរបស់ម្ពុជានឹងកើនឡើងចំនួន ៧.៣% វិនិយោគចំនួន ២៣.៤%, និងផលិតផលក្នុងស្រុកសរុប (ផសស) កើនចំនួនប្រមាណ ២% លើ ផសស ដែលមានបច្ចុប្បន្ន។

នៅក្នុងឱកាសនេះដែរ ប្រមុខដឹកនាំអាសិបបានលើកទឹកចិត្តឱ្យប្រទេសជាសមាជិកពន្លឿនការបញ្ចប់នីតិវិធីក្នុងស្រុកក្នុងការផ្តល់សច្ចាប័ន ដើម្បីឱ្យកិច្ចព្រមព្រៀងនេះអាចចូលជាធរមានក្នុងពេលដ៏ខ្លីខាងមុខ សំដៅអនុញ្ញាតឱ្យប្រទេសជាសមាជិកទាំងអស់ អាចប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងអាសិបនេះ។

ប្រមុខដឹកនាំអាសិបក៏បានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងអាសិបនៅតែបើកចំហទទួលស្វាគមន៍ភាគីឥណ្ឌាជានិច្ច នាពេលអនាគតខាងមុខ៕

 

ប្រភព: ក្រសួងពាណិជ្ជកម្ម