រដ្ឋលេខាធិការក្រសួងអប់រំ៖ បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ កំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់អង្គភាពជំនាញក្នុងរៀបចំផែនការថវិកានិងគ្រប់គ្រងធនធានហិរញ្ញវត្ថុ

 
រដ្ឋលេខាធិការក្រសួងអប់រំ៖ បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ កំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់អង្គភាពជំនាញក្នុងរៀបចំផែនការថវិកានិងគ្រប់គ្រងធនធានហិរញ្ញវត្ថុ

ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនេះ មានសារៈសំខាន់និងកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់អង្គភាពជំនាញទាំងអស់ក្នុងរៀបចំផែនការថវិកា កត់ត្រារាល់ប្រតិបត្តិការនៃការអនុវត្តថវិកា ពិនិត្យតាមដាន និងគ្រប់គ្រងលើការប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋលេខាធិការនេះ ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡាជំនាន់ទី៣ (EFMS V3) កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅខេត្ដសៀមរាប។

ឯកឧត្តម ពិត ចំណាន បានមានប្រសាសន៍ថា ការរៀបចំបណ្ដុះបណ្ដាលនេះ ក្នុងគោលបំណងដើម្បីផ្ដល់ចំណេះដឹង និងចំណេះធ្វើជូនអ្នកប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុជំនាន់ទី៣ (EFMS V3) ដែលបានកសាង និងដាក់ឱ្យប្រើប្រាស់លើមុខងារសំខាន់ជាច្រើនធានាឱ្យមានការប្រើប្រាស់ប្រកបដោយភាពរលូន និងប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុជំនាន់ទី៣ (EFMS V3) ផលិតបានជាស្វ័យប្រវត្តិកម្មនូវបញ្ជីរបាយការណ៍គណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីពង្រឹងលើការគ្រប់គ្រងការងារហិរញ្ញវត្ថុឱ្យប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព តម្លាភាព សុក្រឹតភាព និងគណនេយ្យភាព។

ឯកឧត្ដមបានអះអាងថា ប្រព័ន្ធ EFMS V3 នឹងក្លាយជាចំណែកមួយក្នុងការចូលរួមគាំទ្រដល់អង្គភាពថវិកាក្នុងការពិនិត្យតាមដានការអនុវត្តន៍សកម្មភាពការងារ ដើម្បីបង្កើតបានជាលទ្ធផលជាក់លាក់ និងអាចវាស់វែងបាន ក្នុងការរួមចំណែកសម្រេចបានគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងចូលរួមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFMRP) ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍប្រទេស ដែលនឹងឈានទៅរកការអនុវត្តជំហានមូលដ្ឋានដំណាក់កាលទី៤ គឺបង្កើនគណនេយ្យភាពលើសមិទ្ធផលការងារ។

សូមជម្រាបជូនថា នាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ(EFMS V3)ជូនដល់អង្គភាព ជំនាញទាំងអស់ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅខេត្ដសៀមរាប។

ឯកឧត្ដមរដ្ឋលេខាធិការបានបន្ថែមទៀតថា ការអភិវឌ្ឍប្រព័ន្ធនេះក៏បានត្រៀមលក្ខណៈទាំងនីតិវិធី និងបច្ចេកទេសក្នុងការធ្វើសន្ធានកម្មរវាងប្រព័ន្ធ (EFMS) និង(FMIS) ដើម្បីបង្កលក្ខណៈឱ្យកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់លើការកត់ត្រាទិន្នន័យ និងបញ្ជូនការអនុម័តក្នុងប្រព័ន្ធទាំងពីរ និងផ្ដល់សុក្រឹតភាពទិន្នន័យកាន់តែប្រសើរ៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងអប់រំ