សូមថែរក្សាសុខភាព! ខេត្តមួយចំនួននៅកម្ពុជា ចុះត្រជាក់ខ្លាំង លាយឡំខ្យល់មូសុងឦសាន
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងបន្តធ្លាក់ចុះមកក្រោម គួបផ្សំជាមួយ នឹងខ្យល់មូសុងឦសានកាន់តែបង្កើនឥទ្ធិពលខ្លាំង ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅកម្ពុជា នាដើមឆ្នាំ ២០២១ នេះ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ មានស្ថានភាព ដូចខាងក្រោម ៖
១- នៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៤ °C ទៅ ១៧ °C ។ ពិសេស ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមករា នៅបណ្តាខេត្តមួយ ចំនួនដូចជា ខេត្តរតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង ) សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១២°C ទៅ ១៥°C លាយឡំជាមួយខ្យល់ខ្លាំង ។
២- នៅតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៦°C ទៅ ១៩°C ។ ពិសេស ពី ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៥°C ទៅ ១៨°C លាយឡំជាមួយខ្យល់មធ្យម ។
៣- នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៨°C ទៅ ២១°C ។ នៅថ្ងៃទី ១២ ខែមករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។
អាស្រ័យដូចបានជម្រាបខាងលើ សូមប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕
សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម