ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការវប្បធម៌ និងសិល្បៈ
ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ័ង ដាវគឿង (Hoang Dao Cuong) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានអញ្ជើញចូលជួបសម្តែងការគួរសម និងចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការស្តីពីវប្បធម៌និងសិល្បៈរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣-២០២៧ ក្នុងឱកាសនៃការរៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២។
ឯកឧត្ដម ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានថ្លែងអំណរគុណចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ភាគីវៀតណាមសម្រាប់គណៈប្រតិភូទាំងអស់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជានាពេលនេះ។
ឯកឧត្តម ហ័ង ដាវគឿង ក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជាដែលបានទទួលគណៈប្រតិភូវៀតណាមយ៉ាងកក់ក្ដៅផងដែរ នៅពេលរៀបចំសប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅ។
ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើការងារសំខាន់ៗមួយចំនួនដែលជាទិសដៅនៃកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរនាពេលខាងមុខ ដូចជាការចុះមរតកវប្បធម៌ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ, ការបណ្ដុះបណ្ដាលលើការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកនិងផ្នែកសិល្បៈ, ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក, ការផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក ពិសេសនៅក្នុងកម្រិតជំនាញបច្ចេកទេស…។ល។
ក្នុងឱកាសនៃជំនួបនេះដែរ ភាគីទាំងពីរបានព្រមព្រៀងចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការស្តីពីវប្បធម៌និងសិល្បៈ សម្រាប់រយៈ ពេល៥ឆ្នាំបន្ទាប់(២០២៣-២០២៧) ដើម្បីបន្តរក្សាទំនាក់ទំនងល្អជាប្រពៃណី ការផ្លាស់ប្ដូរវប្បធម៌ជាទៀងទាត់ ការតភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ និងការបង្កើនការយល់ដឹងអំពីគ្នាទៅវិញទៅមក ដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ, មិត្តភាពរឹងមាំស្ថិតស្ថេរយូរអង្វែង, និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»៕
ប្រភព៖ ក្រសួងព័ត៌មាន