ព្រះសង្ឃ ៤៦អង្គ គង់នៅវត្តស្វាយដង្គំ ខេត្តបាត់ដំបង មានករណីក្តៅខ្លួន ៣៧,៥អង្សារសេ ក្អក និងហៀរសំបោរ រយៈពេល ៦ថ្ងៃហើយ
មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា មានករណីក្តៅខ្លួន (៣៧,៥អង្សារសេ) ក្អក ហៀរសំបោរ រយៈពេល៦ថ្ងៃហើយ កើតមានចំពោះព្រះសង្ឃចំនួន ៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ។
ព្រះសង្ឃខាងលើមានព្រះជន្មពី១១-១៩ ព្រះវស្សា និមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តនេះ ហេីយទទួលការព្យាបាលបានធូរស្រាលខ្លះៗហើយ។
តាមការបញ្ជាក់របស់មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន និការណែនាំរបស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅវេលាម៉ោងជាង ១៩ យប់មិញនេះក្រុមការងារ RRT មន្ទីរសុខាភិបាលខេត្ត ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរ លោកប្រធានស្រុកប្រតិបត្តិសង្កែ និងសហការី បានចុះពិនិត្យ និងយកសំណាកចំនួន ២១អង្គ ចំពោះព្រះសង្ឃដែលនៅមានកម្តៅ ហេីយថ្ងៃនេះ ក្រុមការងារនឹងបន្តចុះយកសំណាកទៀត។
សូមជម្រាបថា ក្រុមការងារបានណែនាំ លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ពាក់ម៉ាស់ ឆាន់ទឹកក្តៅ។ការកំណត់ស្ថានភាពរួមជាបឋមមិនមានភាពធ្ងន់ធ្ងរទេ ប៉ុន្តែយើងត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត ហើយបេសកកម្មត្រូវបានបញ្ចប់នៅម៉ោង ២៣៕
ប្រភព៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង