សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ នៅខេត្តព្រះវិហារ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ វេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតជាប់ព្រំដែនកម្ពុជា-ឡាវ ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ, ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារ, ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, ឯកឧត្តម សោម ប៊ុតតះគុណ (Soam Buttakun) អភិបាលរងខេត្តចម្ប៉ាសាក់ (ប្រទេសឡាវ), ឯកឧត្តម ឃុំសន ខុនប៉ាសឺត(Khumsorn Khunpasert) អគ្គកុងស៊ុលឡាវប្រចាំខេត្តស្ទឹងត្រែង, ឯកឧត្តមអភិបាលខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងឱ្យដឹងថា វេទិកាអុំទូកដែលសម្ពោធនៅថ្ងៃនេះ មានបណ្តោយ២៧ម៉ែត្រ និងទទឹង១៥ម៉ែត្រ កម្ពស់១៦.៣៣ម៉ែត្រ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ដោយមានការជួយឧបត្ថម្ភគាំទ្រពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង, ឯកឧត្តម មាស សុភា និងលោកជំទាវ, ឯកឧត្តម សាយ សំអាល់, លោកជំទាវ ចឹក ហេង, ឯកឧត្តម សួស យ៉ារ៉ា, លោក សំ លាងទ្រី, លោក អ៊ុក កឹមសាន្ត និងសប្បុរសជនជាច្រើនរូបទៀត។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្រៅពីសាងសង់វេទិកាអុំទូក ក៏មានការសាងសង់ច្រាំងទន្លេសងខាងវេទិកា សង់របង ខ្លោងទ្វារ ក្រាលក្រានីត សួនច្បារ សង់អគារស្នាក់នៅ សង់រោងទូក សង់អាស្រមបួងសួងខាងឆ្វេងវេទិកា រូបសំណាកចំនួន៥ រៀបចំតុបតែងកែលម្អផ្សេងៗ ដោយចំណាយថវិកាសរុបចំនួន ២ពាន់៦០៣លានរៀល ស្មើនឹង៦៥ម៉ឺនដុល្លារអាម៉េរិក ។ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងការគោរពអរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង ២ ៥០០ម៉ែត្រ ទុកជាចំណងដៃដល់ប្រជាពល រដ្ឋ នៅឃុំកំពង់ស្រឡៅមួយផងដែរ ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលតែងតែតម្កល់នូវកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្ពុជា ពិសេសខេត្តដែលជាប់ព្រំដែន គឺខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់ មានទំនាក់ទំនងសហប្រតិបត្តិការល្អ ដោះស្រាយបញ្ហានានា ដែលកើតឡើងនៅតាមព្រំដែន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ នៅតែបន្តរក្សានូវគោលការណ៍កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍតទៅទៀត។
សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមថា វេទិកាអុំទូក ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ វាមិនធំទេ តែវាជាសមិទ្ធផលមានលក្ខណៈជាប្រវត្តិសាស្ត្រ ហើយបានថ្លែងនូវការអរគុណ ចំពោះសប្បុរសជនទាំងអស់ ក៏ដូចជាមន្ត្រីរាជការ នៅក្នុងឃុំកំពង់ស្រឡៅមួយ ក៏ដូចជាប្រជាពលរដ្ឋដែលបានគាំទ្រ និងចូលរួម ទោះបីតិចតួចក្តី តែបង្កើតបាននូវសមិទ្ធផលនេះឡើង។ ចាប់ពីពេលនេះតទៅយើងមានឱកាស នឹងរៀបចំនូវកម្មវិធីការប្រកួតកីឡាអុំទូក និងមានការស្វាគមន៍ពីប្រជាពលរដ្ឋឡាវ និងកីឡាករ កីឡាការិនីរបស់ឡាវ ដើម្បីប្រកួតប្រជែងក្នុងឱកាសសមស្រប ជាមិត្តភាពក្តី ជាការប្រកួតក្តី នេះជាប្រពៃណីដែលមានតាំងពីយូរលង់ណាស់មកហើយ ៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន