មនុស្ស ១១នាក់ ស្លាប់ ខណៈជាង ១,០០០នាក់ទៀតរងរបួស ក្នុងករណីផ្ទុះហ្គាសនៅរោងចក្រមួយក្នុងប្រទេសឥណ្ឌា

ឥណ្ឌា៖ មនុស្សចំនួន១១នាក់ បានស្លាប់ ខណៈយ៉ាងហោចណាស់មនុស្សជាង ១,០០០នាក់ទៀតមានបញ្ហាពិបាកដកដង្ហើមដោយសារឧប្បទេវហេតុលិចធ្លាយហ្គាសចេញពីរោងចក្រឧស្សាហកម្មមួយរបស់កូរ៉េនៅប៉ែកខាងត្បូងប្រទេសឥណ្ឌាកាលពីម្សិលមិញនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០។

 
មនុស្ស ១១នាក់ ស្លាប់ ខណៈជាង ១,០០០នាក់ទៀតរងរបួស ក្នុងករណីផ្ទុះហ្គាសនៅរោងចក្រមួយក្នុងប្រទេសឥណ្ឌា

មន្រ្តីជំនាញបានឲ្យដឹងថា សារធាតុស្ទីរ៉ែន ដែលគេប្រើសម្រាប់ផលិតផ្លាស់ស្ទិក និងកៅស៊ូបានធ្លាយចេញពីរោងចក្រ LG Polymers ក្នុងទីក្រុងវីសាខាផាត់ណាម រដ្ឋឥន្ត្រាប្រាដែស ខណៈបុគ្គលិកត្រៀមបើកដំណើរការឡើងវិញ ក្រោយបិទទ្វាមួយរយៈដោយសារវីរុសកូវីដ១៩។

គេសន្និដ្ឋានថា ហ្គាសដែលបានលិចឆ្លាយអាចចេញមកពីធុងធំដែលគេទុកចោល ចាប់តាំងពីមានវិធានការបិទប្រទេសកាលពី៦សប្តាហ៍មុន។ វិធានការបិទប្រទេសត្រូវបានដកចេញវិញកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយបានអនុញ្ញាតិឲ្យហាងលក់ដូរ និងរោងចក្របើកដំណើរការឡើងវិញជាធម្មតា។

សូមរម្លឹកផងដែរថា ទីក្រុងវីសាខាផាត់ណាម ក្នុងរដ្ឋឥន្ត្រាប្រាដែល ដែលជាតំបន់ឧស្សាហកម្មនៅឥណ្ឌាត្រូវបានរាយការណ៍ថា មានករណីការផ្ទុះ ឬលិចឆ្លាយហ្គាសជាញឹកញាប់។ កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ រដ្ឋនេះក៏ធ្លាប់មានករណីធ្លាយហា្គសចេញពីក្រុមហ៊ុនផលិតឱសថមួយកន្លែង ដោយបានសម្លាប់មនុស្សចំនួន២នាក់ផងដែរ៕

ប្រភព៖ AP ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ