កូរ៉េខាងត្បូងវិលមករកសភាពដើមវិញខណៈវីរុសកូវីដ១៩ស្ថិតក្នុងការគ្រប់គ្រង
ទីក្រុងសេអ៊ូល៖ ស្ថានភាពវីរុសកូវីដ១៩នៅកូរ៉េខាងត្បូងបានវិលត្រឡប់មកសភាពដើមវិញហើយកាលពីថ្ងៃពុធ ដោយបុគ្គលិកក្រុមហ៊ុនអាចចាប់ផ្តើមការងារឡើងវិញបាន ខណៈសារមន្ទីរ បណ្ណាល័យនានានៅក្នុងប្រទេសក៏បានបើកទ្វាសារជាថ្មីផងដែរ ប៉ុន្តែត្រូវអនុវត្តតាមវិធានការនៅឆ្ងាយពីគ្នា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថ្មីៗនេះ។
សូមជម្រាបជូនផងដែរថា កូរ៉េខាងត្បូងទទួលរងការរាតត្បាតដ៏អាក្រក់បំផុតកាលពីពេលផ្ទុះឡើងដំបូងនៅប្រទេសចិន ខណៈកូរ៉េមិនដែលបានអនុវត្តវិធានការបិទប្រទេសនោះឡើយ ប៉ុន្តែវិធានការនៅដាច់ដោយឡែកពីសង្គមត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ចាប់តាំងពីខែមីនាមក។
បុគ្គលិកក្រុមហ៊ុនត្រូវបានជំរុញឲ្យធ្វើការពីផ្ទះតាមដែលអាចធ្វើទៅបាន ខណៈសាលារៀនត្រូវបានផ្អាកចាប់តាំងពីដើមខែមីនា។ ព្រឹត្តិការណ៍នានាត្រូវបានផ្អាក រាប់ចាប់តាំងការប្រគុំតន្រ្តី សារៈមន្ទីរ កន្លែងតាំងពិពណ៌ រួមទាំងការជួបជុំសាសនាផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការរាតត្បាតនៅកូរ៉េហាក់មានសភាពល្អប្រសើរឡើងវិញ និងស្ថិតក្រោមការគ្រប់គ្រងដោយសារកម្មវិធី តាមដាន ធ្វើតេស្តរកមេរោគ និងព្យាបាល របស់ខ្លួនដែលបានអនុវត្តកន្លងមកយ៉ាងមានប្រសិទ្ធិភាព។
សូមជម្រាបថា កូរ៉េដែលមានប្រជាជនប្រមាណ ៥១លាននាក់ មានករណីស្លាប់ដោយសារកូវីដ១៩តែ ២៥០នាក់ប៉ុណ្ណោះ ខណៈមានករណីឆ្លងកើនឡើងជាង១ម៉ឺននាក់។ ករណីឆ្លងថ្មីត្រូវបានរាយការថាមានត្រឹមតែ១៣នាក់ប៉ុណ្ណោះរយៈពេល៣ថ្ងៃចុះក្រោយ ដោយករណីទាំងនោះសុទ្ធតែជាករណីនាំចូល៕
ប្រភព៖ CNA ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ