កូរ៉េខាងជើងចំអកសមយុទ្ធយោធាកូរ៉េខាងត្បូង ហើយបញ្ចូនសារស្វាគមន៍ប្រធានាធិបតីចិន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េបានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើងបានចំអកដាក់ប្រទេសកូរ៉េខាងត្បូងជុំវិញការធ្វើសមយុទ្ធយោធានាពេលថ្មីៗនេះ ខណៈមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារផ្ទាល់ខ្លួនទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដើម្បីសាទរលោកចំពោះភាពជោគជ័យរបស់ចិនក្នុងការគ្រប់គ្រងការរាតត្បាតនៃវីរុសកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងបានឲ្យដឹងថា តំណាងយោធាកូរ៉េខាងជើងបានលើកឡើងកាលពីម្សិលមិញថា ការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូងថ្មីៗនេះថាជាការបង្ករឿង ដែលនាំឲ្យមាន ប្រតិកម្ម។ លោកបានសង្កត់ធ្ងន់ថា សមយុទ្ធនេះជាឱកាសមួយ ដែលបានដាក់កូរ៉េខាងជើងឲ្យភ្ញាក់ឡើងវិញជាថ្មីអំពីរឿងពិតមួយដែលថា សត្រូវ នៅតែជាសត្រូវគ្រប់ពេលវេលា។
សូមជម្រាបផងដែរថា ការលើកឡើងនេះសម្តៅលើការធ្វើសមយុទ្ធយោធារបស់កងទ័ពអាកាសនៃសាធារណរដ្ឋកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ហើយថាវាបានរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េ ដែលមានបំណងកាត់បន្ថយភាពតានតឹងយោធា។
សេចក្តីថ្លែងការណ៍ដដែលនោះបានបញ្ជាក់ថា អ្វីៗគ្រប់យ៉ាងនាពេលនេះបានវិលត្រឡប់ទៅរកចំណុចចាប់ផ្តើមដំបូងវិញហើយមុនកិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៨។
សូមរម្លឹកផងដែរថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន កូរ៉េខាងត្បូងបានបញ្ជាក់ថា កងទ័ពកូរ៉េខាងជើងបានបាញ់បោះមួយប្រាវមកកាន់បុស្តិ៍ការពាររបស់កូរ៉េខាងត្បូងនៅក្នុងតំបន់គ្មានយោធា ដែលខណ្ឌប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបទេសសហរដ្ឋអាមេរិកលោក ម៉ៃយ៍ ប៉ុមប៉េអូ បានលើកឡើងថា ការបាញ់បោះបង្កដោយកូរ៉េខាងជើងទំនងគ្មានចេតនាឡើយ។
សូមបញ្ជាក់ដែរថា ក្នុងការប៉ះទង្គិចគ្នាមួយប្រាវនោះមិនបង្កបាត់បងជីវិតភាគីទាំងសង់ខាងឡើយ។
ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា លោក គីម ជុងអ៊ុន បានផ្ញើសារផ្ទាល់ទៅកាន់ប្រធានាធិបតីចិនអបអរសាទរការយកឈ្នះវីរុសកូវីដ១៩។ ក្នុងសេចក្តីថ្លែងការណ៍នោះបានសរសេរថា លោក គីម ជុងអ៊ុន ផ្ញើរការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងការដែលលោកបានយកឈ្នះលើសង្គ្រាមប្រឆាំងការរាតត្បាតនៃវីរុសកូរ៉ូណា។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងជូនពរលោក ស៊ី ជិនពីង ឲ្យមានសុខភាពល្អ ហើយថាទំនាក់ទំនងរវាងកូរ៉េខាងជើង និងចិនពិតជារឹងមាំយ៉ាងខ្លាំង។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហ៊ួរ ឈុនយីង បានឲ្យបញ្ជាក់កាលពីម្សិលមិញថា ចិន និងកូរ៉េខាងជើងគឺជាអ្នកជិតខាងដ៏ល្អ ហើយក៏បានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទផងដែរទៅការទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩។ លោកស្រីបានបន្តថា លោកស្រីមិនបានព័ត៌អ្វីថ្មីឡើយជុំវិញសំនួរថាតើលោក ស៊ី ជីនពីង នឹងផ្ញើរសារត្រឡប់ទៅលោក គីម ជុងអ៊ុន វិញឬយ៉ាងណា៕
ប្រភព៖ Reuters ប្រែសម្រួល៖ ចាប មិថុនា