មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំបម្រាមចំនួន ០៩ ចំណុច ចំពោះបុគ្គលដែលមានបំណងស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានណែនាំបម្រាមចំនួន ០៩ ចំណុច ចំពោះបុគ្គលដែលមានបំណងស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ Sinopharm ក៏ដូចជាវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដទៃទៀត។

 
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំបម្រាមចំនួន ០៩ ចំណុច ចំពោះបុគ្គលដែលមានបំណងស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩

ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ លោកជំទាវវេជ្ជបណ្ឌិត បានណែនាំដូចតទៅ ៖ “ខ្ញុំសូមបញ្ជាក់ជូននូវមុខសញ្ញាដែលហាម មិនឱ្យចាក់វ៉ាក់សាំង មានដូចតទៅ ទី១ មានប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងវ៉ាក់សាំង (អាឡែរហ្ស៊ី) មានន័យថាបុគ្គលហ្នឹងងាយនឹងអាឡែរហ្ស៊ីជាមួយនឹងវ៉ាក់សាំង ហើយធ្លាប់មានប្រវត្តិប្រតិកម្មជាមួយនឹងវ៉ាក់សាំង បើទោះជាមិនមែនវ៉ាក់សាំងកូវីដ-១៩ និយាយជារួមគឺឱ្យតែមានប្រវត្តិធ្លាប់ប្រតិកម្មនឹងវ៉ាក់សាំងគឺមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩បានទេ ហើយបុគ្គលនេះត្រូវជម្រាបជូនក្រុមគ្រូពេទ្យជាបន្ទាន់ ចំពោះអ្នកមានបញ្ហាផ្លូវដង្ហើម ដូចជាពិបាកដកដង្ហើម ហើមឬរលាកសរសៃឈាម មានចេញរោគសញ្ញាប្រទាលត្រអាកក៏មិនអាចចាក់បានដូចគ្នា។

ទី២ បុគ្គល ឬអ្នកជំងឺដែលកំពុងឈឺចាប់ ដោយជំងឺទាន់ហន់ណាមួយ ជាពិសេសគឺជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ហើយកំពុងក្តៅខ្លួនដោយជំងឺនេះ។

ទី៣ គឺស្ត្រីដែលកំពុងមានផ្ទៃពោះ កំពុងក្នុងស្ថានភាពបំបៅដោះ និងស្ត្រីដែលមានផែនការពពោះក្នុងរយៈពេល០៣ខែ

ទី៤ គឺអ្នកដែលមានជំងឺប្រកាច់ កន្ត្រាក់ ឆ្កួតជ្រូក ឬស្កន់ សរសៃប្រសាទ រលាកស្រោមខួរក្បាល និងជំងឺតំណរពូជ។ល។

ទី៥ បុគ្គល ឬអ្នកជំងឺដែលមានកង្វះភាពស៊ាំពីកំណើត គឺមានន័យថា គាត់ខ្សោយ អ្នកផ្ទុកមេរោគអេដស៍ មហារីកកូនកណ្តុរ និងអ្នកដែលមានជំងឺឈាមស

ទី៦ បុគ្គលដែលត្រូវបានសង្ស័យថាមានប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ បេះដូង សសៃរឈាម ថ្លើម តម្រោងនោម និងដុំសាច់មហារីកធ្ងន់ធ្ងរ ។ល។

ទី៧ អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំ នឹងជំងឺមហារីកដុំសាច់ ឬកំពុងតែព្យាបាលជំងឺមហារីក

ទី៨ គឺអ្នកដែលធ្លាប់មានប្រវត្តិធ្លាប់កើតជំងឺកូវីដ-១៩

ទី៩ គឺអ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬបុគ្គលិកផ្តល់វ៉ាក់សាំងបញ្ជាក់ថា មិនគួរចាក់វ៉ាក់សាំង”។

គួររម្លឹកថា វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ចំនួន ៦០០ ០០០ដូស ជាជំនួយជំហានដំបូងរបស់មិត្តចិន ក្នុងចំនួន ១លានដូស បានដឹកជញ្ជូនមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃម្សិលមិញហើយ ហើយគ្រោងនឹងចាប់ផ្តើមចាក់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ តទៅ ទៅលើថ្នាក់ដឹកនាំចាប់ពីរដ្ឋមន្ត្រី រហូតដល់ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥ រួមជាមួយនឹងក្រុមអាទិភាពផ្សេងទៀត តាមគោលការណ៍ស្ម័គ្រចិត្ត និងមានអាយុកំណត់ដែលអាចចាក់បានគឺចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំប៉ុណ្ណោះ។

ដោយឡែក គិតត្រឹមថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៤៧៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៥៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៨នាក់ ហើយពុំមានករណីណាមួយគ្រោះថ្នាក់ដល់ជីវិតនោះទេ៕

ប្រភព: ក្រសួងព័ត៌មាន