កិច្ចប្រជុំថ្នាក់ជំនាញរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី តាមប្រព័ន្ធវីដេអូ ត្រៀមសម្រាប់កិច្ចប្រជុំលើកទី៣ រវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី

(ភ្នំពេញ)៖ នាថ្ងៃពុធទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៣:៣០ រសៀល នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំថ្នាក់ជំនាញរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី តាមប្រព័ន្ធវីដេអូ ត្រៀមសម្រាប់កិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួមរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី(គ.ស.អ.អ) ដែលដឹកនាំដោយ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងភាគីកម្ពុជា និង កញ្ញា ហ្គោហា បាសេហ៊ីយ៉ាន់(Gohar Barseghyan) ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សមាហរណកម្ម តំណាងភាគី គ.ស.អ.អ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមដោយក្រសួងពាក់ព័ន្ធរបស់ភាគីកម្ពុជាចំនួន៩ស្ថាប័ន និងភាគីពាក់ព័ន្ធរបស់ គ.ស.អ.អ ដែលមានអ្នកចូលរួមប្រមាណ ៣០ រូប។

 
កិច្ចប្រជុំថ្នាក់ជំនាញរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី តាមប្រព័ន្ធវីដេអូ ត្រៀមសម្រាប់កិច្ចប្រជុំលើកទី៣ រវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី

កិច្ចប្រជុំនេះ មានគោលបំណង សំដៅពិភាក្សាលើវិស័យសំខាន់ៗសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC: Eurasian Economic Commission) ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួមរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី(គ.ស.អ.អ) ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខឆាប់ៗនេះ ។

ភាគីទាំងពីរបានធ្វើបទបង្ហាញនិងផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើប្រធានបទសំខាន់ៗ រួមមាន៖ (I)កាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា

(II)គោលដៅយុទ្ធសាស្រ្តសមាហរណកម្មរបស់ គ.ស.អ.អ ដល់ឆ្នាំ២០២៥,

(III) គោលនយោបាយប្រកួតប្រជែងរបស់សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី(EAEU),

(IV)កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការវិស័យឧស្សាហកម្ម,

(V) សហគ្រិនភាពនៅសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី(EAEU), និង(VI) របៀបវារៈឌីជីថល (EAEU’s Digital Agenda)។

ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ៗចំនួន៥៖

(1)នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម,

(2)បច្ចុប្បន្នភាពនៃប្រព័ន្ធអនុគ្រោះពន្ធរបស់ EAEU ផ្តល់ជូនកម្ពុជានិងនីតិវិធីសម្រាប់ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EAEU,

(3)ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេសនិងវាយតម្លៃអនុលោមភាព និងវិធានអនាម័យនិងភូតគាមអនាម័យ, (4)គោលនយោបាយកសិ-ឧស្សាហកម្ម, និង(៥)ការដឹកជញ្ជូន។

ជាកិច្ចបញ្ចប់ ឯកឧត្តម សំហេង បូរ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ កញ្ញា Gohar Barseghyan និងសហការីនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងតំណាងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ តាមប្រព័ន្ធវីដេអូ។ ឯកឧត្តម សំហេង បូរ៉ា មានសុទិដ្ឋិនិយមថា តាមរយៈកិច្ចប្រជុំនេះ នឹងជួយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលរវាងភាគីទាំងពីរដើម្បីផលប្រយោជន៍ទៅវិញទៅមក ជាពិសេសនោះ ដើម្បីអាចឈានដល់ការផ្តួចផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) រវាងកម្ពុជា និង EAEU នាពេលខាងមុខ៕

 

ប្រភព: ក្រសួងពាណិជ្ជកម្ម