បារាំងថាកញ្ចប់ថវិកាជួយសង្គ្រោះវិបត្តិកូវីដ១៩របស់សហភាពអ៊ឺរ៉ុបគួរតែមានតម្លៃយ៉ាងហោចណាស់ចន្លោះពី ៥ ទៅ ១០ ភាគរយនៃ GDP
ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា ការឆ្លើយតបរបស់ សហភាពអ៊ឺរ៉ុបចំពោះវិបត្តិសេដ្ឋកិច្ចដែលបង្កដោយវីរុសកូរ៉ូណា គឺតម្រូវឲ្យមានការផ្តល់ហិរញ្ញប្បទានទៅកាន់តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ មិនមែនត្រឹមតែប្រាក់កម្ចីប៉ុណ្ណោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអ៊ឺរ៉ុប លោក ម៉ាក្រុង បានលើកឡើងថា កញ្ចប់ថវិកាជួយសង្រ្គោះរបស់សហគមអ៊ឺរ៉ុបគួរតែមានតម្លៃយ៉ាងហោចណាស់ចន្លោះពី ៥ ទៅ ១០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់សហភាពអ៊ឺរ៉ុប ដើម្បីស្តារវិបត្តិសេដ្ឋកិច្ចឡើងវិញ ហើយគម្រោងការរបស់សហភាពអ៊ឺរ៉ុបនឹងមិនមានអនាគតល្អនោះទេ បើសិនរដ្ឋជាសមាជិកខកខានមិនអាចឆ្លើយតបចំពោះការស្នើសុំនូវលក្ខខណ្ឌយោគយល់មួយនេះ។
លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា ការបែកបាក់ដ៏ធ្ងន់ធ្ងររវាងរដ្ឋជាសមាជិក មិនមែនលើរឿងកម្ចីរួមនោះឡើយ ប៉ុន្តែចំណុចសំខាន់គឺថា មូលនិធិនោះវាជាទម្រង់កម្ចី ឬហិរញ្ញប្បទាន។ បើជាកម្ចីវិញ វាបានត្រឹមតែធ្វើឲ្យរដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាប់បំណុលវ័ណ្ឌករប៉ុណ្ណោះ៕
ប្រភព៖ REUTERS ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ