មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច គ្រោងនឹងរៀបចំឱ្យមានសំឡេងរោទ៍នៅតាមភ្លើងស្តុប ដើម្បីមានភាពងាយស្រួលសម្រាប់ជន ពិការនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រោងនឹងរៀបចំឱ្យមានសំឡេងរោទ៍នៅតាមភ្លើងស្តុប ពិសេសនៅរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកដែលពិការភ្នែកអាចធ្វើដំណើរឆ្លងកាត់តាមស្តុបប្រកបដោយសុខសុវត្តិភាព។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីភាពប្រទាក់ក្រឡាក្នុងការអនុវត្តន៍ រវាងយេនឌ័រពិការភាពនិងសេវាឆ្លើយតប ដើម្បីលើកកម្ពស់ការទទួលបានសេវាដល់សមាជិកក្រុមការងារបញ្ជ្រាប យេនឌ័រក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងកំពុងគិតគូរថានៅតាមភ្លើងស្តុបនីមួយៗនៅក្នុងរាជធានីភ្នំពេញ គួរតែមានសំឡេងរោទ៍សម្រាប់ឱ្យបងប្អូនពិការភ្នែកអាចធ្វើដំណើរឆ្លងកាត់បានដោយសុខសុវត្តិ ភាព ខណៈដែលកន្លងមកនេះ នៅតាមជណ្តើរយន្តតាមផ្សារ ទំនើបមួយចំនួន បានបំពាក់នូវសំឡេង សម្រាប់អ្នកដែលពិការភ្នែក ។
ឯកឧត្តមបន្តថា ដូចនេះ ការបំពាក់សំឡេងរោទ៍នៅតាមភ្លើងស្តុប ដើម្បីងាយស្រួលដល់អ្នកពិការភ្នែកអាចស្តាប់ឮនិងដឹងថា សំឡេងណាដែលត្រូវឈប់និងសំឡេងណាដែលត្រូវបន្តធ្វើដំណើរទៅបាន។ « អ៊ីចឹងជាផែនការក្នុងឆ្នាំ២០២២-២០២៣របស់យើងនឹងធ្វើឱ្យមាន ដោយយ៉ាងហោចណាស់យើងមានគំរូរួចមកហើយ ដោយឥឡូវនេះនៅតាមផ្សារទំនើបនីមួយៗគឺចាប់ផ្តើមមានរួចទៅហើយ ដោយឧទាហរណ៍ប្រសិនជាយើងទៅលេងផ្សារអ៊ីអនឡើងជណ្តើរ នឹងឮសំឡេងប្រាប់ពីជាន់ទី១ជាន់ទី២ ដែលទាំងនេះគឺគេមិនមែនធ្វើសម្រាប់អ្នកដែល មានកាយសម្បទានល្អនោះទេ គឺគេធ្វើសម្រាប់អ្នកដែល ពិការភ្នែកដែលគាត់មិនអាចមើលដឹងថាជាន់ណានោះទេ ប៉ុន្តែគាត់អាចស្តាប់សំឡេងបាន។ អ៊ីចឹងគាត់ ចុចប៊ូតុងទៅ គាត់នឹងអាចដឹងថាគាត់ទៅដល់ជាន់ទី១ឬជាន់ទី២។ ដូច្នោះការបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាពនេះ យើងនឹងធ្វើឱ្យខាងតែបាននៅក្នុងផែនការអនុវត្តយុទ្ធសាស្រ្តស្តីពីពិការ ភាពរបស់យើង។ » គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពឆ្នាំ២០១៩-២០២៣ ក្នុងទិសដៅឈានទៅលុបបំបាត់រាល់ ទម្រង់កេងប្រវ័ញ្ចនិងរើសអើងលើជនមានពិការភាព ដោយធ្វើយ៉ាងណាឱ្យជនមានពិការភាពកាន់តែទទួលបានការគាំទ្រពីសង្គម បង្កើនគុណភាព ជីវិតឱ្យកាន់តែប្រសើរឡើង ទទួលបានការយកចិត្តទុកដាក់ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) «មិនមាននរណាម្នាក់ ត្រូវបានបំភ្លេច »៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន