ឯកឧត្តម ឈៀង ពេជ្រ ដឹកនាំគណប្រតិភូចូលរួមវេទិកាផ្សព្វផ្សាយលើកទីពីររបស់អាស៊ានស្តីពីការដាក់បញ្ចូលផ្នែកពិការភាព និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន

ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួង ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្ដមមន្ត្រីដឹកជញ្ជូនកម្ពុជាបានដឹកនាំគណប្រតិភូចូលរួមវេទិកាផ្សព្វផ្សាយលើកទីពីរ របស់អាស៊ានស្តីពីការដាក់បញ្ចូលផ្នែកពិការភាព និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន៖ បញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់ជនពិការ។

 
ឯកឧត្តម ឈៀង ពេជ្រ  ដឹកនាំគណប្រតិភូចូលរួមវេទិកាផ្សព្វផ្សាយលើកទីពីររបស់អាស៊ានស្តីពីការដាក់បញ្ចូលផ្នែកពិការភាព និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន

វេទិកានេះរៀបចំឡើងក្នុងគោលបំណង ផ្ដល់ឱកាសដល់បណ្តារដ្ឋាភិបាលនានានៃសមាគមអាស៊ាន អង្គការជនពិការទាំងឡាយ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដើម្បីដាក់បញ្ចូលផ្នែកពិការភាពទៅក្នុង របៀបវារៈសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងស្វែងយល់នូវបទពិសោធន៍ និងការអនុវត្តល្អៗពីវិស័យរដ្ឋ និងឯកជនទាក់ទងនឹងការដាក់បញ្ចូលផ្នែកពិការនេះនៅក្នុងបរិបទឆ្លើយតបនឹងជំងឺកូវីដ-១៩។

វេទិកានេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលក្នុងនោះ៖ ប្រតិភូខាងភាគីកម្ពុជាមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធនៃអង្គភាពក្រោមឱវាទក្រសួង និងប្រតិភូផ្សេងទៀតរួមមាន៖ តំណាងអង្គការតាមវិស័យរបស់អាស៊ាន អង្គការជនពិការ អង្គការសង្គមស៊ីវិល ដៃគូពិគ្រោះយោបល់អាស៊ាន និងអង្គការអន្តរជាតិនានា ដោយផ្ដោតលើប្រធានបទសំខាន់ៗរួមមាន៖ ការស្វែងរកមធ្យោបាយ សម្រាប់ការដាក់បញ្ចូលផ្នែកពិការភាពទៅក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ការវិនិយោគលើការដាក់បញ្ចូលផ្នែកពិការភាព និងការផ្ដល់មតិយោបល់ក៏ដូចជាអនុសាសន៍ផ្សេងៗពីភាគីពាក់ព័ន្ធផងដែរ៕

 

 

ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន