វេសឡាញបញ្ចូលវិញ្ញាសាតែងនិពន្ធ និងការនិយាយសាធារណៈ ភាសាខ្មែរ ដើម្បីបន្តលើកកម្ពស់សិល្បៈអក្សរសាស្រ្តខ្មែរ
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប នឹងបញ្ចូលវិញ្ញាសាតែងនិពន្ធ និងការនិយាយជាសាធារណៈជាភាសាខ្មែរ ក្នុងការប្រកួតក្លឹបសិស្សពូកែនៅឆ្នាំ២០២៣ខាងមុននេះ ដើម្បីបន្តលើកកម្ពស់សិល្បៈអក្សរសាស្រ្តខ្មែរ និងបង្កើនសមត្ថភាពរបស់សិស្ស។
ថ្លែងក្នុងពិធីប្រគល់រង្វាន់ និងមេដាយដល់សិស្សជ័យលាភីក្នុងការប្រកួតក្លឹបសិស្សពូកែ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះសា្ថនអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានលើកឡើងថា “ ការនិពន្ធរឿងខ្លី និងតែងកំណាព្យ គឺជាផ្នែកមួយនៃអក្សរសិល្ប៍ និងអក្សរសាស្រ្តខ្មែរ ហើយការតែងនិពន្ធនេះក្នុងន័យលើកតម្កើនអ្វីមួយ និងអប់រំប្រជាជនខ្មែរឱ្យស្រឡាញ់វប្បធម៌ប្រពៃណី ថែរក្សានិងអភិរក្សមរតកដូនតា ចូលរួមថែរក្សាបរិស្ថាន និងសីលធម៌រស់នៅ”។
លោកឧកញ៉ាបានបន្តទៀតថា “ការប្រកួតក្លឹបសិស្សពូកែមានវិញ្ញាសាការនិយាយជាសាធារណៈអង់គ្លេស តែសម្រាប់ឆ្នាំក្រោយយើងនឹងបញ្ចូលវិញ្ញាសានិយាយជាសាធារណៈភាសាខ្មែរ ដើម្បីបង្កើនជំនាញវោហារសព្ទ និងជំនាញសិក្សាស្រាវជ្រាវរុករកប្រធានអ្វីមួយសម្រាប់និយាយចែករំលែកចំណេះដឹងបន្ថែមដល់សាធារណៈជន”។
ម្ចាស់គ្រឹះស្ថានអប់រំខាងលើបានបញ្ជាក់ថា កម្មវិធីប្រកួតក្លឹបសិស្សពូកែរៀបចំឡើងជារៀងរាល់ឆ្នាំ មិនមែនក្នុងន័យប្រកួតប្រជែងយកឈ្នះចាញ់ លេខ១ លេខ២ ឬលេខ៣នោះទេ គឺក្នុងទិសដៅផ្តល់ឱកាស និងជម្រុញកុមារ យុវជនបញ្ចេញសមត្ថភាព ទេព្យកោសល្យ បង្កើនជំនាញសិក្សាស្រាវជ្រាវ មានគំនិតច្នៃប្រឌិត និងចេះរួមសហការធ្វើការងារជាក្រុម។
លោកឧកញ៉ាបានលើកទឹកចិត្តដល់អ្នកចូលរួមប្រកួតទាំងអស់ថា ទោះជាលទ្ធផលបែបណា ក៏ត្រូវទទួលយកការពិត និងត្រូវឆ្លុះបញ្ជាំងខ្លួនឯងលើចំណុចខ្វះខាត ហើយត្រូវអភិវឌ្ឍសមត្ថភាព និងចំណេះដឹងបន្ថែមទៀត ដើម្បីឈានទៅរកភាពជោគជ័យនៅពេលអនាគត។
សូមជម្រាបថា ការប្រកួតក្លឹបសិស្សពូកែមានសិស្សចូលរួមប្រឡងជាង៣៥០០នាក់មកពីកម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសម្រាប់សិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ លើវិញ្ញាសា ការធ្វើបទបង្ហាញតាមរយៈវីដេអូឃ្លីប ការនិយាយជាសាធារណៈ ការតស៊ូមតិ ការប្រកបពាក្យភាសាអង់គ្លេស(Spelling Bee) សំណេរភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា និងសរសេរតាមអានភាសាខ្មែរ។ សម្រាប់សិស្សជ័យលាភីទទួលបានរង្វាន់ និងមេដាយក្លឹបសិស្សពូកែប្រចាំ២០២២ មានចំនួន៩០នាក់៕