បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន មេគង្គ ម៉ាយក្រូអុិនសួរេន គោលបំណងធានាសុវត្ថិភាពការសិក្សារបស់សិស្សានុសិស្សឲ្យបានយូរអង្វែង

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន មេគង្គ ម៉ាយក្រូអុិនសួរេន គោលបំណងធានាសុវត្ថិភាពការសិក្សារបស់សិស្សានុសិស្សឲ្យបានយូរអង្វែង តាមរយៈការបញ្ជៀបការយល់ដឹងពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងជូនដល់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ព្រមទាំងជួយលើកកម្ពស់វិស័យធានារ៉ាប់រងនៅកម្ពុជាឲ្យកាន់រីកចម្រើនបន្ថែមទៀត។

 
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន មេគង្គ ម៉ាយក្រូអុិនសួរេន  គោលបំណងធានាសុវត្ថិភាពការសិក្សារបស់សិស្សានុសិស្សឲ្យបានយូរអង្វែង

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប បានឲ្យដឹងថា “ការសហការជាមួយនឹងក្រុមហ៊ុន មេគង្គ ម៉ាក្រូអ៊ីនសួរេន ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់ក្រុមហ៊ុនផ្សព្វផ្សាយពីសេវាកម្មធានារ៉ាប់រងរបស់ខ្លួនដល់មាតាមាតាបិតាសិក្សា ដើម្បីចូលរួមចំណែក និងគាំទ្រវិស័យអប់រំតាមរយៈការលើកស្ទួយសុភមង្គលគ្រួសារប្រជាជន និងនិរន្តភាពសិក្សារបស់សិស្សតាមរយៈការគ្រប់គ្រងហានិភ័យលើហិរញ្ញវត្ថុរបស់ពួកគាត់ក្នុងយថាហេតុចៃដន្យណាមួយ”។

លោកឧកញ៉ាបានបន្តថា “នៅពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនធានារ៉ាប់រងជាច្រើនបានបង្កើតឡើងជាបន្តបន្ទាប់ ដើម្បីបំពេញ និងឆ្លើយតបតម្រូវអភិថិជន ហើយនេះក៏បញ្ជាក់ថាប្រទេសកម្ពុជាមានសេ្ថរភាពនយោបាយ និងសេដ្ឋកិច្ចល្អប្រសើរ ដែលកត្តាទាក់ទាញអ្នកវិនិយោគិនបរទេសបន្ថែមទៀត”។

លោក ហ៊ុយ ឃៀង ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន មេគង្គម៉ាយក្រូអ៊ិនសួរេន បានលើកឡើងថា “សេវាធានារ៉ាប់រង មិនត្រឹមតែជាផ្នែកមួយនៃការគ្រប់គ្រងហានិភ័យឲ្យបានល្អប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរៀបចំផែនការហិរញ្ញវត្ថុដ៏រឹងមាំមួយសម្រាប់ថ្ងៃអនាគត ដែលអាចធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់យើងមានលំនឹង ក្នុងករណីមានការខូចខាត ឬបាត់បង់ដែលបណ្តាលមកពី គ្រោះថ្នាក់ចៃដន្យ ណាមួយ”។

លោកប្រធានបានបញ្ចាក់ថា “កិច្ចសហការនៅថ្ងៃនេះបានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់អំពីសារៈសំខាន់នៃភាពជាដៃគូរវាងវិស័យធានារ៉ាប់រង និងវិស័យអប់រំ។ នេះបានន័យថា ប្រព័ន្ធអប់រំរបស់វេសឡាញ អេឌ្យខេសិន គ្រុប គឺជាប្រព័ន្ធអប់រំដែលរៀបចំកសាងអនាគតរបស់សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ចំណែកការធានារ៉ាប់រងរបស់ក្រុមហ៊ុន មេគង្គ ម៉ាយក្រូអ៊ុនសូរេន គឺជាការធានារក្សានូវស្ថិរភាពអនាគតនោះឲ្យមានភាពពិតប្រាកដ តាមរយៈការផ្ដល់សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ក្នុងករណីមានហានិភ័យជាយថាហេតុណាមួយកើតឡើង”។

ដោយសារសេវាកម្មធានារ៉ាប់រងលើកកម្ពស់គុណតម្លៃជីវិត និងរក្សាសេ្ថរភាពអនាគតបុត្រធីតា លោកឧកញ៉ា ប៉ិច បូឡែន បានលើកទឹកចិត្តអ្នកអាណាព្យាបាលពិចារណា និងសិក្សាលទ្ធភាពប្រើប្រាស់សេវាណាមួយសម្រាប់កូនៗ និងក្រុមគ្រួសារ។

សូមជម្រាប់ថា ក្រុមហ៊ុន មេគង្គ ម៉ាយក្រូអ៊ិនសួរេន គឺជាក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ ក្នុងគោលបំណងលើកកម្ពស់គុណតម្លៃនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ទទួលបាននូវការការពារហិរញ្ញវត្ថុ តាមរយ:ការផ្តល់សេវាធានារ៉ាប់រង។ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនយើងបានផ្តល់ការការពារដល់ប្រជាពលរដ្ឋកម្ពុជាចំនួនជាង ២០ម៉ឺននាក់។

គួរបញ្ជាក់ថា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បាននិងកំពុងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងក្នុងការធានាការសិក្សារបស់សិស្សានុសិស្សរហូតដល់៥ឆ្នាំ ក្នុងករណីមាតាបិតា ឬអ្នកអាណាព្យាបាលមានហានិភ័យដោយចៃដន្យណាមួយដែលមិនអាចផ្តល់ការសិក្សាពេញលេញទៅកាន់កូនៗ៕