មកស្គាល់បុគ្គលសំខាន់៣រូប ដែលនៅពីក្រោយនៃការអភិវឌ្ឍន៍បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប
បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប ត្រូវបង្កើតឡើងនៅឆ្នាំ២០០៨ ដោយលោកឧកញ៉ា ប៉ិច បូឡែន ក្នុងបំណងដើម្បីឱ្យកុមារ និងយុវជនកម្ពុជាទទួលបានការអប់រំប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ អាកប្បកិរិយាល្អ និងភាពជាអ្នកដឹកនាំល្អបំផុត។ ផ្តើមចេញពីសាលារៀនវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក ១ទីតាំង ជាមួយបុគ្គលិកចំនួន៧០នាក់ និងមានសិស្សត្រឹមតែ៦០០នាក់ មកដល់ឆ្នាំ២០២២នេះ បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប បានពង្រីកបេសកកម្មអប់រំរបស់ខ្លួនសរុបចំនួន១៨ទីតាំង ព្រមជាមួយបុគ្គលិកច្រើនជាង ១ ០០០នាក់ និងមានសិស្សជាង ១៣ ០០០នាក់។
ការរីកចម្រើនឥតឈប់ឈរ ក្រោមការដឹកនាំរបស់លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកគ្រប់គ្រងផ្ទាល់ គេក៏មិនអាចបំភ្លេចបានឡើយនូវកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលសំខាន់៣រូបទៀតដែលជាសមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់ នៅក្នុងការដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប ឱ្យមានការរីកចំរើន នោះគឺ ៖
លោក នៅ សីហា ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកហិរញ្ញវត្ថុ (Chief Financial Officer)នៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ចាប់តាំងពីឆ្នាំ២០០៨។ មុនពេលចូលបម្រើការងារនៅវេសឡាញ លោកធ្លាប់បម្រើការងារអ្នកគ្រប់គ្រងការស្រាវជ្រាវ និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា ក្នុងតួនាទីជាសេដ្ឋវិទូដ៏ល្បីរបស់កម្ពុជា និងជាអ្នកនិពន្ធសំខាន់នៃការបោះពុម្ភផ្សាយប្រចាំឆ្នាំ «Cambodia Economic Watch»។ លោកមានបទពិសោធន៍លើផ្នែកហិរញ្ញវត្ថុ ជាពិសេសការគ្រប់គ្រងលំហូរសាច់ប្រាក់ និងហិរញ្ញវត្ថុ ការវិភាគសេដ្ឋកិច្ច ការស្រាវជ្រាវ និងការគ្រប់គ្រងគម្រោង។ លោកបានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រង និងអនុបណ្ឌិតផ្នែក Econometrics and Economics ឯកទេសវិស្វកម្មព័ត៌មាន និងការវាយតម្លៃសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ LUMIERE LYON II ប្រទេសបារាំង និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។ លើសពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាពាក់ព័ន្ធហិរញ្ញវត្ថុ សេដ្ឋកិច្ច ធុរៈកិច្ច និងភាពជាអ្នកដឹកនាំនានាជាច្រើនទាំងក្នុង និងក្រៅប្រទេសទៀតផងដែរ។
បន្ទាប់មកគឺលោក តែ ឡាយ បច្ចុប្បន្នលោកជាប្រធាននាយកអប់រំ (Chief Education Officer) នៃបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប។ លោកបានបម្រើការងារលើការគ្រប់គ្រង និងការអភិវឌ្ឍកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូបង្រៀន និងការគ្រប់គ្រងធនធានមនុស្ស ចាប់តាំងពីឆ្នាំ២០០៨។ លោកបានទទួលបរិញ្ញាបត្រផ្នែកអប់រំ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការដឹកនាំ និងរដ្ឋបាលអប់រំ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងគ្រប់គ្រងធនធានមនុស្ស ។ លើសពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាអប់រំ ធុរៈកិច្ច និងភាពជាអ្នកដឹកនាំនានាជាច្រើនទាំងក្នុង និងក្រៅប្រទេសទៀតផងដែរ។
ជាមួយគ្នានេះ គេក៏មិនអាចបំភ្លេច លោក គង់ សំនៀង ដែលលោកបានចូលបម្រើការងារនៅបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ចាប់តាំងពីឆ្នាំ២០០៨ ជានាយកសាលារៀនវ៉េស្ទឡាញន៍ រហូតមកដល់ពេលបច្ចុប្បន្ននេះ លោកទទួលតំណែងជាប្រធាននាយកប្រតិបត្តិការ (Chief Operating Officer)។ មុនពេលបន្តបេសកកម្មអប់រំនៅវេសឡាញ លោកធ្លាប់បម្រើការងារជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា គ្រប់គ្រង និងដឹកនាំស្ថានប័នអប់រំជាង២៥ឆ្នាំ។ លោកបានទទួលបរិញ្ញាបត្រផ្នែកគណិតវិទ្យា និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរៈកិច្ច។ លើសពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាអប់រំ ធុរៈកិច្ច និងភាពជាអ្នកដឹកនាំនានាជាច្រើនទាំងក្នុង និងក្រៅប្រទេសទៀតផងដែរ។
សូមជម្រាបថា បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប ផ្តល់សេវាកម្មអប់រំចំណេះទូទៅខ្មែរ កម្មវិធីមត្តេយ្យភាសាខ្មែរនិងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់មនុស្សពេញវ័យ កម្មវិធីភាសាចិន និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ រហូតដល់បច្ចុប្បន្ននេះ វេសឡាញ មានសាលារៀនស្តង់ដារជាតិ៖ សាលារៀនវ៉េស្ទឡាញន៍ ១១សាខា សាលារៀនណត្សឡាញន៍ ១សាខា សាលាភាសាអង់គ្លេសលីឌឺលែន ១សាខា សាលារៀនសហគមន៍២១ ៣សាខា និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា ព្រមទាំងមានសាលាអន្តរជាតិ ហ្វររ៉េសហៀល ១សាខា។
ក្រៅពីកម្មវិធីសិក្សាគោល បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បាននិងកំពុងអនុវត្តកម្មវិធីជាតិ និងអន្តរជាតិជាច្រើន ដែលមានកម្មវិធីក្លឹបវិទ្យាសាស្ត្រវ័យក្មេង STEM ទម្លាប់ល្អទាំង៧សម្រាប់បុគ្គលឆ្នើម កម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ និងកម្មវិធីសិក្សាបន្ថែមជាច្រើនទៀត។
លើសពីនេះ បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាញ វេសឡាញ អេឌ្យូខេសិន គ្រុបក៏ជាតំណាងឲ្យ Franklin Covey Education នៃសហរដ្ឋអាមេរិក ក្នុងការចែកចាយផ្តាច់មុខកម្មវិធីទម្លាប់ល្អទាំង៧សម្រាប់បុគ្គលឆ្មើម (7 Habits of Highly Effective People) ដែលជាកម្មវិធីដ៏ល្បីល្បាយលំដាប់ពិភពលោក ប្រចាំប្រទេសកម្ពុជាផងដែរ។
សម្រាប់ទិសដៅបន្ត បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប ប្តេជ្ញាខិតខំធ្វើទំនើបកម្ម និងអភិវឌ្ឍកម្មវវិធីសិក្សាមតេ្តយ្យ បឋម មធ្យម និងការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈជូនដល់សិស្សានុសិស្ស មន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុន ប្រកបដោយប្រសិទ្ធភាព និងស្របតាមបំនិនជីវិតក្នុងសតវត្សទី២១ ព្រមទាំងបញ្ចូលបច្ចេកវិទ្យាអប់រំថ្មីៗបន្ថែមទៀត ដើម្បីជួយគាំទ្រដល់ការអប់រំឲ្យកាន់ល្អប្រសើរឡើងថែម៕