ថៃនឹងបន្តអនុវត្តវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈមានសញ្ញាល្អប្រសើរឡើងវិញចំពោះបញ្ហាកូវីដ១៩ហើយក៏ដោយ
បាងកក៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឲ្យដឹងថា ថៃនឹងបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន១ខែទៀត ពោលគឺរហូតដល់ដំណាច់ខែឧសភានេះ ប៉ុន្តែថាខ្លួននឹងពិចារណាបន្ធូរបន្ថយការរឹតបណ្តឹងមួយចំនួនចំពោះសកម្មភាពអាជីវកម្ម និងសកម្មភាពសាធារណៈនានា ស្របពេលដែលចំនួនករណីកូវីដ១៩ថ្មីមានការថមថយចុះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ហេតុផលនៃការបន្តដាក់ប្រទេសក្នុងគ្រាអាសន្ននេះគឺដោយសារក្តីកង្វល់ពីការវាយប្រហារដោយកូវីដ១៩ក្នុងកម្រិតធ្ងន់សាជាថ្មី។ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌល CCSA។
កាលពីថ្ងៃចន្ទម្សិលមិញ ថៃបានរាយការណ៍ថា មានករណីឆ្លងកូវីដ១៩ថ្មីមានចំនួន ៩នាក់ និងមិនមានករណីឆ្លងថ្មីនៅទីក្រុងបាងកកជាលើកដំបូង ចាប់តាំងពីចាប់ផ្តើមផ្ទុះនៃវីរុសកូវីដ១៩ដំបូងកាលពីខែមករាកន្លងទៅ។
សូមជម្រាបជូនផងដែរថា បច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ១៩ សរុបនៅទូទាំងប្រទេសថៃ មាន ២,៩៣១នាក់ ក្នុងនោះមានអ្នកស្លាប់ ៥២នាក់ និង ២,៦០៩នាក់ទៀតបានជាសះស្បើយ៕
ប្រភព៖ CNA ប្រែសម្រួល៖ ជា បញ្ញា