អាជ្ញាធរ កម្លាំងប្រដាប់អាវុធខេត្តបន្ទាយមានជ័យ អំពាវនាវដល់ពលរដ្ឋរស់នៅតាមបណ្តោយ អូរព្រំដែនកម្ពុជា-ថៃ និងដងស្ទឹងមង្គលបូរី ឱ្យបង្កើនការប្រយ័ត្នខណៈទឹកកំពុងហក់ឡើង
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១--អាជ្ញាធរ កម្លាំងប្រដាប់អាវុធខេត្តបន្ទាយ មានជ័យ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយអូរព្រំដែនកម្ពុជា -ថៃ ក្នុងក្រុងប៉ោយប៉ែត និងតាមដងស្ទឹងមង្គលបូរី សូមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈ ស្ថានភាពទឹកចេះតែហក់ឡើង ដោយសារតែទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ។
លោក រត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីនៅ ព្រឹកថ្ងៃ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានជម្រាបជូនដល់បងប្អូន រស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី សូមធ្វើការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសញ្ញាគ្រោះ ថ្នាក់នឹងមកដល់ បើភ្លៀងនៅតែបន្តធ្លាក់ និងស្ថានភាពទឹកស្ទឹងចេះតែហក់ឡើង។ ដូចនេះសូម ត្រៀមលក្ខណៈសម្បត្តិ មធ្យោបាយដឹកជញ្ជូនទូក កាណូត អាវពោង និងរកទីទួលសុវត្ថិភាព ដើម្បីសង្រ្គោះអាយុជីវិត ពីគ្រោះមហន្តរាយ នៃជំនន់ទឹកភ្លៀងនេះ។
លោកអភិបាលស្រុកមង្គលបូរី បានប្រាប់ឱ្យដឹងដែរថា ជំនន់ទឹកភ្លៀងបានជន់លិចនៅតំបន់ខ្លះហើយតាមបណ្តាយដងស្ទឹងមង្គលបូរី មានឃុំសឿ, ឃុំចំណោម, ឃុំរហាត់ទឹក តែពុំ ទាន់ធ្ងន់ធ្ងរនៅឡើយទេ ។ ប៉ុន្តែប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ជាប់ៗច្រើនថ្ងៃទៀតនោះ ទំហំ នៃការជន់លិចកាន់តែធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋយើង។
អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ក៏បានក្រើនរម្លឹកដល់អាជ្ញាធរនៅតាម មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលសុទ្ធសឹងជាខ្សែបណ្តាញរបស់គណៈកម្មាធិ ការគ្រប់គ្រងគ្រោះមហន្តរាយនោះ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការផ្សព្វផ្សាយព័ត៌មាន គ្រោះមហន្តរាយ ជូនប្រជាពលរដ្ឋ និងត្រូវត្រៀមលក្ខណៈសម្បត្តិ ដើម្បីជួយសង្គ្រោះពួកគាត់ ពេលមានគ្រោះមហន្តរាយកើតឡើង ៕
ប្រភព: ក្រសួងព័ត៌មាន