ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមគ្នាជាមួយភាគីពាក់ព័ន្ធ រៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងភាគីពាក់ព័ន្ធ ដែលមានតំណាងស្ថាប័នរដ្ឋាភិបាល តំណាងកម្មករនិយោជិត សហជីព សមាគមនិយោជក និងអង្គការជាដៃគូជាតិ អន្តរជាតិប្រមាណជា ១ ៣០០នាក់ បានមកជួបជុំគ្នាតាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom) ដើម្បីរៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២១ ក្រោមប្រធានបទ “ត្រៀមទុកជាមុន រៀបចំ ឆ្លើយតបទៅនឹងវិបត្តិ៖ ស្តារឡើងវិញនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារជាតិ ប្រកបដោយប្រសិទ្ធភាព” ។

 
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមគ្នាជាមួយភាគីពាក់ព័ន្ធ រៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ទិវាពិភពលោកនេះ មានគោលបំណង ដើម្បីចូលរួមផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃគ្រោះថ្នាក់ការងារ និងការបាត់បង់ជីវិតរបស់កម្មករនិយោជិត ជាពិសេសផលប៉ះពាល់ទៅនឹងស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ បង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការស្តីពីសុវត្ថិភាព និងសុខភាពការងារដល់ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរជាតិជាដៃគូ សមាគមនិយោជក សហជីព និងកម្មករនិយោជិត ដើម្បីលើកកម្ពស់វប្បធម៌នៃបង្ការសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ និងជំរុញការលើក កម្ពស់បន្ថែមចលនា ទាក់ទាញការគាំទ្រផ្នែកនយោបាយ និងថវិកាក្នុងការបង្ការ និងកាត់បន្ថយការបាត់បង់ជីវិត គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅទូទាំងពិភពលោក។

នេះជាឆ្នាំទី១៦ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមកិច្ចសហការផ្នែកបច្ចេកទេស ជាមួយអង្គការអន្តរជាតិ ខាងការងារ (ILO) តាមរយ:គម្រោងលើកកម្ពស់ស្តង់ដាសុវត្ថិភាព និងសុខភាពការងារ ក្នុងវិស័យសំណង់ (ILO-OSH) និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងក្នុងគោលបំណងជំរុញគ្រប់ភាគីពាក់ព័ន្ធដើម្បីរៀបចំផែនការឆ្លើយតប និងវិធានការណ៍ចាំបាច់នានា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកន្លែងធ្វើការ។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅកន្លែងធ្វើការ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង  រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរំលឹកបន្ថែមទៅដល់ ម្ចាស់រោងចក្រ សហគ្រាស ត្រូវយកចិត្តទុកដាក់រួមមាន ៖

- បន្តអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាល នៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ

- រៀបចំកន្លែងលាងសម្អាតដៃ ឬកំប៉ុងទឹកអាល់កុល ឬជែលសម្រាប់កម្មករនិយោជិត លាងសម្អាតទៅតាមទីតាំងដែលប្រើប្រាស់រួមគ្នា ដូចជាច្រកចេញចូល កន្លែងហូបបាយ បន្ទប់ទឹកជាដើម

- ត្រូវណែនាំដល់កម្មករនិយោជិតឱ្យធ្វើអនាម័យដៃជាប្រចាំនៅកន្លែងធ្វើការ

- បង្កើនការយកចិត្តទុកក្នុងការបាញ់សម្លាប់មេរោគនៅតាមកន្លែងធ្វើការ អគារផលិតកម្ម និងកន្លែងប្រើប្រាស់រួមគ្នា

- ធានាថាមានការរក្សាគម្លាតសង្គមនៅកន្លែងធ្វើការ និងក្រៅ តាមដែលអាចធ្វើទៅបាន

- ណែនាំដល់កម្មករនិយោជិតឱ្យពាក់ម៉ាស់ជាប្រចាំ និងប្រកាន់ខ្ជាប់នូវអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន “៣កុំ ៣ការពារ”

- ត្រូវរៀបចំឱ្យមានប្រព័ន្ធឃ្លាំមើល និងតាមដានសុខភាពរបស់កម្មករនិយោជិតនៅក្នុង រោងចក្រ សហគ្រាស៕

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ