ក្រសួងសេដ្ឋកិច្ចគាំទ្រចំពោះសំណើបន្តផ្តល់ជំនួយហិរញ្ញវត្ថុ បច្ចេកទេស និង កម្មវិធីអភិវឌ្ឍន៍ក្នុងជំហានបន្ទាប់របស់រដ្ឋាភិបាលអូស្ត្រាលី

ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ចបានគាំទ្រចំពោះសំណើបន្តផ្តល់ជំនួយហិរញ្ញវត្ថុ បច្ចេកទេស និង កម្មវិធីអភិវឌ្ឍន៍ក្នុងជំហានបន្ទាប់របស់រដ្ឋាភិបាលអូស្ត្រាលី ដែលនេះជាការរួម ចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍរបស់កម្ពុជា។

 
ក្រសួងសេដ្ឋកិច្ចគាំទ្រចំពោះសំណើបន្តផ្តល់ជំនួយហិរញ្ញវត្ថុ បច្ចេកទេស និង កម្មវិធីអភិវឌ្ឍន៍ក្នុងជំហានបន្ទាប់របស់រដ្ឋាភិបាលអូស្ត្រាលី

ក្នុងពិធីជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម PABLO KANG ឯកអគ្គរាជទូតនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២១ តាមប្រព័ន្ធ Video ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ បានសម្តែងនូវក្តីសោមនស្សរីករាយ និង ថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែបន្តផ្តល់ការគាំទ្រទាំងបច្ចេទេស និង ហិរញ្ញវត្ថុសម្រាប់កិច្ចអភិវឌ្ឍនៅកម្ពុជាស្ទើរលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាជំហានទី១ និងទី២ ដែលផ្តោតលើការស្តារនិង កសាងប្រព័ន្ធធារាសាស្ត្រកសិកម្ម, ការលើកកម្ពស់ពាណិជ្ជនី យកម្មកសិកម្ម និង ភាពធន់កសិកម្ម ជាដើម ។

ក្នុងឱកាសនោះ ឯកឧត្តម PABLO KANG ឯកអគ្គរាជទូតអូស្ត្រាលី បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នូវវឌ្ឍនភាពនៃគម្រោងនានាដែលទទួលបានការគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី ដូចជា៖ គំនិតផ្តួចផ្ដើមភាពជាដៃគូមេគង្គ-អូស្ត្រាលី មជ្ឈមណ្ឌលមេគង្គ-អូស្ត្រាលីសម្រាប់ទឹក និងប្រព័ន្ធធារាសាស្ត្រ ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) និង ការវិនិយោគកសិ-ចំណីអាហារ ។ ទន្ទឹមនេះ ឯកឧត្តមអគ្គរាជទូត ក៏បានលើកឡើងនូវសំណើផ្តល់គាំទ្រដល់កម្ពុជា លើកិច្ចការមួយចំនួនទៀត ដូចជា៖ ការសិក្សាបុរេសមិទ្ធិផលក្នុងការបង្កើតសួនកសិ- ឧស្សាហកម្ម, កម្មវិធីពន្លកចំណេះនិង ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ ។

បន្ថែមពីនេះ ឯកឧត្តមអគ្គរាជទូត ក៏បានជម្រាបជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អំពីកម្មវិធីអភិវឌ្ឍន៍ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ ដែលមានថវិកាគាំទ្រប្រមាណ ៩០ លានដុល្លារអូស្ត្រាលី និង អាទិភាពសំខាន់ៗ ដែលនឹងផ្តោតសម្រាប់កម្មវិធីជំហានបន្ទាប់នេះ ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អាទិភាពចំពោះមុខរបស់រាជរដ្ឋាភិបាល គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ និង ការកសាងសមត្ថភាពកម្ពុជា ដើម្បីអាចរស់នៅជាមួយជំងឺកូវីដ-១៩ ក្នុងរយៈពេលមធ្យមនិងវែង ហើយអំឡុងពេលនេះ រាជរដ្ឋាភិបាលកំពុងរៀបចំ ផែនការស្តារសេដ្ឋកិច្ចឡើង វិញក្រោយវិបត្តិកូវីដ-១៩ ដោយផ្តោតលើគោលការណ៍គន្លឹះចំនួនបីគឺ ការងើបឡើងវិញ កំណែទម្រង់ និង ភាពធន់ (៣Rs) ដែលផ្តោតលើការគាំ ទ្រវិស័យអាទិភាពជាច្រើន ជាពិសេសវិស័យដែលរងផលប៉ះពាល់ខ្លាំងដោយវិបត្តិជំងឺកូវីដ-១៩។ ក្នុងន័យនេះ ជំនួយហិរញ្ញវត្ថុ និង បច្ចេកទេសរបស់រដ្ឋាភិបាលអូស្ត្រាលី គឺមានលក្ខណៈស្របគ្នាទៅនឹងអាទិភាពគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលនឹងរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។

ទន្ទឹមនេះ, ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ជូន ឯកឧត្តមអគ្គរាជទូត ធ្វើការពិភាក្សាបន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងអភិវឌ្ឍន៍ទាំងនោះមានលក្ខណៈបំពេញ បន្ថែមឱ្យគ្នាទៅវិញទៅមកនិង មានភាពប្រទាក់ក្រឡាគ្នា ៕

 

 

ប្រភព: ក្រសួងព័ត៌មាន