ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០កាលម្សិលមិញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពាណិជ្ជកម្មដ៏ថ្មីស្រឡាងមួយនៅខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ភាពងាយស្រួលដល់មន្ត្រីក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ពិធីសម្ពោធអគារថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម និងខេត្តកំពង់ស្ពឺជាច្រើនរូបទៀត។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះវត្តមានអគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងបានថ្លែងអំណរគុណ ឯកឧត្ដម យឹម សុខុម និងឯកឧត្ដម វ៉ី សំណាង និងមន្ត្រីក្នុងខេត្ត ដែលបានចូលរួមសហការជាមួយមន្ទីរពាណិជ្ជកម្មកន្លងមក រហូតបានសម្រេចនូវលទ្ធផលនានាជាទីគាប់ប្រសើរ។
ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសម្ធិទផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក និងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលក្រសួងបាននិងកំពុងប្រឹងប្រែងធ្វើយ៉ាងសកម្ម ដែលមានជាអាទិ៍ការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សម្រាប់វិស័យពាណិជ្ជកម្ម។ លិខិតបទដ្ឋានគតិយុត្តិទាំងនោះរួមមាន៖ ច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់និងច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូច ដែលច្បាប់ពីរខាងក្រោយនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្មីៗនេះ។ ចំណែកច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចហើយកាលពីឆ្នាំមុន។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្មបានខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមជូនគ្រប់វិស័យ ដោយប្រឹងប្រែងចរចាយ៉ាងសកម្មទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក តាមរយៈកម្មវិធីអនុគ្រោះពាណិជ្ជកម្ម និងការបង្កើតតំបន់ពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌអាស៊ាន និងអាស៊ាន+ដៃគូ ក៏ដូចជាសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសមួយចំនួនទៀត មានដូចជា សហភាពអឺរ៉ុប អាមេរិក ចិន ជប៉ុន កូរ៉េ ហុងកុង ឥណ្ឌា អូស្រ្តាលី មជ្ឈឹមបូព៌ា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ជាដើម។
ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ស្ពឺផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានណែនាំ និងស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្ត្រីរាជការនៅក្រសួងពាណិជ្ជកម្ម៕
ប្រភព: ក្រសួងពាណិជ្ជកម្ម