លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតីនៃពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការស្នើសុំលិខិតអនុញ្ញាតនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិដល់គ្រឹះស្ថាន
(រាជធានីភ្នំពេញ, ថ្ងៃទី០៩ និង១០-ខែឧសភា ឆ្នាំ២០២៣) ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតីនៃពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការស្នើសុំលិខិតអនុញ្ញាតនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិដល់គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានផ្សេងៗទៀត ដែលប្រារព្ធធ្វើឡើងនៅ សណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពី៖
-ឯកឧត្តម ផា អេងវេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ
-លោកស្រី គ្រីស្ទីណា ណូវីយ៉ូ ហ្កាស្សា Cristina Novio Garcia អនុព័ន្ធ-ប្រធានកម្មវិធីពាណិជ្ជកម្ម វិស័យឯកជន និងថាមពល (ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា)
-លោក ធៀល អាណឺត (Mr. Till Ahnert) ប្រធានគម្រោង ARISE Plus Cambodia
-លោក លោកស្រី ជាសមាជិកលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ និងលោក លោកស្រី តំណាងពីក្រសួងសុខាភិបាល និងលោក លោកស្រី ដែលជាសិក្ខាកាមមកពីគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានផ្សេងៗទៀត ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នាឱកាសនេះប្រមាណ ១៥០នាក់៖
លោកជំទាវវេជ្ជបណ្ឌិត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ និងលើកទឹកចិត្តឱ្យគ្រប់ក្រសួង-ស្ថាប័នទាំងអស់ធ្វើទំនើបកម្មឌីជីថល ស្របតាមផែនការយុទ្ធសាស្រ្ត និងគោលនយោយបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ហេតុដូចនេះហើយក្រសួងសុខាភិបាល បានចាប់ផ្តើមចូលរួមអនុវត្តគម្រោងបញ្ជរតែមួយជាតិចាប់តាំងពីឆ្នាំ២០១៩ និងបានកែសម្រួលលើប្រព័ន្ធនេះជាបន្តបន្ទាប់ ហើយវគ្គបណ្តុះបណ្តាលនេះផងដែរ ពិតជាផ្ដល់សារៈសំខាន់ជាខ្លាំងក្នុងការ បង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តការងារពាក់ព័ន្ធការនាំចូល នាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងៗទៀតតាមប្រព័ន្ធបញ្ជរតែមួយជាតិនេះឲ្យបានកាន់តែពេញលេញល្អប្រសើរឡើយ ។ លោកជំទាវក៏បានបញ្ជាក់ផងដែរថា ការស្នើសុំនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ អាចផ្តល់សេវាជូន បានឆាប់រហ័ស បង្កលក្ខណៈងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់ក្រដាស់ (Hard Copy) ដែលអាចកាត់បន្ថយបានទាំងថវិកា និងពេលវេលាផងដែរ។ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា ក្រោយវគ្គបណ្តុះបណ្តាលនេះចប់ ប្រព័ន្ធបញ្ជរតែមួយជាតិនឹងត្រូវបានប្រើប្រាស់កាន់តែពេញលេញចាប់ពីពេលនេះតទៅ។
ប្រភព៖ ក្រសួងសុខាភិបាល