វៀតណាមជំរុញឱ្យពលរដ្ឋធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃប្រេង ខណៈសង្គ្រាមអុីរ៉ង់នៅមានភាពតានតឹង
នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ ស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងជួបប្រទះនឹងសម្ពាធយ៉ាងខ្លាំង។ រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីណែនាំបន្ទាន់មួយ ដោយជំរុញឱ្យក្រុមហ៊ុន និងអាជីវកម្មនានាអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួន "ធ្វើការពីផ្ទះ" ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងខ្វះខាតការផ្គត់ផ្គង់។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបញ្ជាក់ថា ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេ ដោយសារការរំខានដល់ការនាំចូលថាមពលពីមជ្ឈិមបូព៌ា ចាប់តាំងពីជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់បានផ្ទុះឡើង។ យោងតាមទិន្នន័យពីក្រុមហ៊ុន Petrolimex តម្លៃសាំងនៅវៀតណាមបានកើនឡើង ៣២%, ម៉ាស៊ូតកើនឡើង ៥៦% និងប្រេងកាតបានហក់ឡើងរហូតដល់ ៨០% ត្រឹមតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
នៅថ្ងៃអង្គារនេះ នៅតាមស្ថានីយប្រេងឥន្ធនៈក្នុងទីក្រុងហាណូយ គេសង្កេតឃើញមានជួររថយន្ត និងម៉ូតូយ៉ាងវែងអន្លាយរង់ចាំចាក់សាំង។ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទាក់ទងផ្ទាល់ទៅកាន់មេដឹកនាំប្រទេសគុយវ៉ែត កាតា និងអារ៉ាប់រួម ដើម្បីស្វែងរកការផ្គត់ផ្គង់ប្រេងបន្ថែម។ បន្ថែមពីនេះ រដ្ឋាភិបាលក៏បានសម្រេចលុបចោលពន្ធនាំចូលប្រេងឥន្ធនៈទាំងអស់ រហូតដល់ដាច់ខែ មេសា ឆ្នាំ ២០២៦ ផងដែរ។
ក្រៅពីការជំរុញឱ្យធ្វើការពីផ្ទះ អាជ្ញាធរវៀតណាមក៏បានអំពាវនាវដល់សាធារណជន កុំឱ្យមានការ តម្រង់ជួរទិញប្រេងទុក ឬ ស្ដុកទុកដើម្បីចំណេញ ដែលអាចធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។ ជាមួយគ្នានេះ គេក៏បានណែនាំឱ្យពលរដ្ឋងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ឬការជិះឡានរួមគ្នាជាដើម៕




ប្រភព៖ Reuters


















