ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពង្រឹងយន្តការសម្របសម្រួល និងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈរបស់ក្រសួងធនធានទឹក និងឧតុនិយម
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងវិនិយោគសាធារណៈ ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ (២០២៣-២០២៧) គឺ “គណនេយ្យភាពសមិទ្ធកម្ម”។
នាព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងយន្តការសម្របសម្រួល និងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រោមក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: (អ.គ.ហ.)។
សូមជម្រាបថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បែងចែកជាបួនដំណាក់កាលគឺ ដំណាក់កាលទី១ ឆ្នាំ២០០៤-២០០៨ ភាពជឿទុកចិត្តនៃថវិកា ដំណាក់កាលទី២ ឆ្នាំ២០០៩-២០១៥ គណនេយ្យភាពហិរញ្ញវត្ថុ ដំណាក់កាលទី៣ ឆ្នាំ២០១៦-២០២២ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧ គណនេយ្យភាពសមិទ្ធកម្ម។ បច្ចុប្បន្ននេះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បាននិងកំពុងអនុវត្តដំណាក់កាលទី៤ គណនេយ្យភាពសមិទ្ធកម្ម ដើម្បីកសាងវប្បធម៌សមិទ្ធកម្មទាំងក្នុងក្របខ័ណ្ឌស្ថាប័នរាជរដ្ឋាភិបាល និងកម្រិតមន្ត្រីរាជការ។
សូមបញ្ជាក់ថា ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងធនធានទឹក និងឧតុនិយម បានកំណត់សូចនាករសរុបចំនួន២៤ ដែលចែកជា ៥ផ្នែករួមមាន៖
ទី១)ការបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា ផ្តោតលើការអនុវត្តថវិកាចំណូលចំណាយមានភាពធន់ រឹងមាំ និងអាចប៉ាន់ប្រមាណបាន
ទី២)ការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ ផ្តោតលើការធ្វើស្វ័យប្រវត្តិកម្ម និងពង្រីកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ទី៣)ការពង្រឹងប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ផ្តោតលើការពង្រឹងការអនុវត្តថវិកាកម្មវិធី ការរៀបចំក្របខ័ណ្ឌនៃការគ្រប់គ្រងវិនិយោគសាធារណៈ និងការបន្តជំរុញការធ្វើវិមជ្ឈការប្រព័ន្ធថវិកាពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ
ទី៤)ការបញ្ចប់ការត្រៀមខ្លួនឆ្ពោះទៅគណនេយ្យភាពសមិទ្ធកម្ម ផ្តោតលើការដាក់ឱ្យអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម និងការធានានូវគណនេយ្យសមិទ្ធកម្មនៅក្នុងវដ្ដថវិកា
និងទី៥)ការគាំទ្រកម្មវិធីកែទម្រង់ប្រកបដោយចីរភាព និងភាពប្រទាក់ក្រឡាគ្នានៃការកែទម្រង់ផ្សេងទៀត ផ្តោតលើការរក្សាចលនការនៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈប្រកបដោយចីរភាព និងការបង្កើនភាពប្រទាក់ក្រឡាគ្នានឹងការកែទម្រង់ផ្សេងទៀត៕




ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology
Verified account






































