សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។

 
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប

 

តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍​ ដ៏មាន​សក្តា​​នុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូល​អភិ​វឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរ​ដល់ការពារ ​និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំ​​អភិវឌ្ឍ​ទីក្រុងឆ្លាតវៃ (Smart City)​ ផងដែរ។ ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួ​ជា​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រទាក់​ក្រឡា​គ្នា​ តភ្ជាប់​ទីប្រជុំជន​ ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និង​បណ្តាញ​ខ្សែផ្លូវជាតិនានា សំដៅកាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុងទីក្រុង ជំរុញ​កំណើន​ដឹកជញ្ជូន ទាក់ទាញ​វិនិយោគិន​ ធុរជន និងភ្ញៀវទេសចរ​ជាតិ​-អន្តរជាតិ ដែល​ជា​ការរួមចំណែក​ក្នុងការ​​ជំរុញ​កំណើន​​​សេដ្ឋកិច្ចជាតិឱ្យ​កាន់តែរីកចម្រើន នៅក្រោយ​វិបត្តិ​នៃ​ជំងឺកូវីដ-១៩។​

សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាមានប៉ូលសេដ្ឋកិច្ច៣សំខាន់ សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ ដែលទី១ គឺប៉ូលសេដ្ឋកិច្ចទីក្រុងភ្នំពេញ ទី២គឺប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ និងទី៣ គឺប៉ូលសេដ្ឋកិច្ច នៃខេត្តសៀមរាបនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបដែលនៅឆ្នាំក្រោយនេះ និងបានឃើញផ្លូវស្អាត ជាពិសេសខេត្តសៀមរាបនេះនឹងត្រូវរៀបចំអង្គរសង្ក្រាន្តឡើងវិញបន្ទាប់ពីបញ្ហាកូវីដត្រូវបានបញ្ចប់នោះ។

ទាក់ទងទៅនឹងបញ្ហានៃជំងឺកូវីដ-១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានហៅព្រឹត្តិការណ៍នៃការចម្លងមកភរិយាអគ្គនាយកពន្ធនាគារនេះ ថាជា "ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា" ។ សម្តេចតេជោបានអំពាវនាវអោយប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ត្រូវសាមគ្គីភាពគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ទាំងអស់គ្នា ហើយពេលនេះគឺជាពេលដែលមិនមែនជាពេលដែលត្រូវចោតដាក់គ្នាទៅវិញទៅមកនោះទេ គឺមានតែការចូលរួមទប់ស្កាត់បង្ការការពារទាំងអស់គ្នាទេ៕

 

 

 

ប្រភព: ផេកហ្វេសបុកសម្តេច ហ៊ុន សែន