សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាស៊ាន

នៅព្រឹក ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន។

 
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាស៊ាន

នៅក្នុងជំនួបព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងនូវចំណុចមួយចំនួនក្នុងការពិភាក្សាជាមួយឯកឧត្តមអគ្គលេខាធិការអាស៊ាន សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះវត្តមានឯកឧត្តមអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរង ដែលឯកឧត្តមនឹងអញ្ជើញចូលរួមនៅក្នុងវេទិកាទេសចរណ៍អាស៊ានផង នឹងមានជំនួប ជាមួយសហគមន៍បីផ្សេងទៀតនៃអាស៊ាន មានសហគមន៍នយោបាយសន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ានផងដែរ នៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគួសបញ្ជាក់អំពីការងារសំខាន់ៗក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលអាស៊ានកំពុងតែមាននាពេលនេះ ។ ការប្រឈមមួយចំនួន ទាមទារនូវការខិតខំដើម្បីជំរុញការងារទាំងអស់នោះ ជាពិសេសក្នុងការតភ្ជាប់អាស៊ាន ដែលកន្លងមកមានការរំខានដោយសារវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១កន្លងទៅនេះ។ ក៏ប៉ុន្តែយើងមើលឃើញជាក់ស្ដែងដែលសមាជិកអាស៊ាននីមួយៗមានវិធានការដោះស្រាយជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងការឆ្លើយតបនឹងជំងឺកូវីដ-១៩ នេះ ។ សម្ដេចតេជោបានមានប្រសាសន៍ យើងត្រូវខិតខំធ្វើយ៉ាងណាជំរុញរៀបចំក្នុងការអនុវត្ត របាំងទេសចរណ៍អាស៊ាននេះ ក្នុងក្របខណ្ឌអាស៊ាននេះអាចជំរុញ វិស័យទេសចរណ៍ឡើងវិញ ក៏ដូចជាវិស័យធុរកិច្ចពាណិជ្ជកម្មផងដែរ។ សម្ដេចតេជោក៏បាន មានប្រសាសន៍អំពីស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ដែលមានការធូរស្រាល ថ្វីត្បិតតែមានការប្រឈមពីមេរោគបម្លែងខ្លួនថ្មីអូមីក្រុងក៏ដោយ តែកម្ពុជាបានខិតខំទប់ស្កាត់ជាបន្តបន្ទាប់។

នៅក្នុងជំនួបនេះសម្ដេចតេជោក៏បានគូសបញ្ជាក់  ចំណុចសំខាន់ៗដូចជា

 ទី១)ពាក់ព័ន្ធទៅនឹងស្ថានភាពនៅមីយ៉ាន់ម៉ា ជាពិសេសទាក់ទងទៅនឹងដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាម៉ាក្នុងពេលថ្មីៗកន្លងទៅនេះ ដែលមានគោលបំណងគឺចង់ជួយដល់ប្រទេសមីយ៉ាន់ម៉ាដែលកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនោះ។ សម្ដេចតេជោក៏បានជម្រាបជូនអំពីគោលបំណង ៣ សំខាន់ៗទៅកាន់មីយ៉ាន់ម៉ា ទី១ធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ , បញ្ឈប់អំពើហិង្សា ។

ទី២)ផ្ដល់ជំនួយដល់ប្រជាជនមីយ៉ាម៉ាដែលត្រូវការចាំបាច់ និងទី៣)បើកច្រកទ្វារនៃការចរចាររកដំណោះស្រាយ ជាពិសេសសម្រាប់ការងារប្រេសិតពិសេសអាស៊ាននេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពី គំនិតផ្ដួចផ្ដើមរបស់សម្ដេចក្នុងការជំរុញការងារទៅមុខទៀត ជាពិសេសក្នុងការបង្កើនយន្តការជួយដល់មីយ៉ាម៉ា។ យន្តការនោះត្រូវតែមានប្រធានអាស៊ានបច្ចុប្បន្ន ប្រធានអាស៊ានកាលពីឆ្នាំមុន និងប្រធានអាស៊ានដែលនឹងចូលកាន់ក្រោយកម្ពុជា និងអគ្គលេខាធិការអាស៊ានផងដែរ ដើម្បីធ្វើការជាមួយគ្នាធ្វើយ៉ាងណាក្នុងការជំរុញ តាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ា។

ក្នុងជំនួបនេះសម្ដេចតេជោក៏បានលើកឡើងអំពីសមុទ្រចិនខាងត្បូង ដោយសារឆ្នាំនេះគឺជាខួបលើកទី២០ នៃDOC ហើយទោះបីជាជួបបញ្ហាក៏ដោយ ក៏យើងមិនត្រូវភ្លេចពីការងារនេះនោះទេ ត្រូវតែបន្តខិតខំជំរុញ បង្កើនល្បឿននៃការចរចារ។ សម្ដេចតេជោក៏បានអរគុណចំពោះអគ្គលេខាធិការអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានឯកភាពគ្នាក្នុងការរៀបចំឲ្យមានការប្រារព្ធខួបលើកទី២០នៃDOC។ សម្ដេចតេជោក៏បានស្នើសុំឲ្យអគ្គលេខាធិការអាស៊ាន ជួយចូលរួមចំណែកក្នុងការលើកទឹកចិត្តក្នុងការចរចារ ឲ្យបានដំណើរការទៅមុខ។ សម្ដេចតេជោក៏បានមានប្រសាសន៍ទាក់ទងទៅនឹងបញ្ហាឥណ្ឌូប៉ាស៊ីហ្វិក ដោយសម្ដេចបានស្នើធ្វើយ៉ាងណាឲ្យអគ្គលេខាធិការអាស៊ាន ក៏ដូចជាឥណ្ឌូនេស៊ីជួយជំរុញក្នុងការរៀបចំផែនការសកម្មភាព អនុវត្តអ្វីដែលជាទស្សនទានរបស់អាស៊ានស្ដីអំពីឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសធ្វើយ៉ាងណាគាំទ្រដល់មជ្ឈភាពអាស៊ាន ក៏ដូចជាទស្សនៈវិស័យរបស់អាស៊ានស្ដីអំពីឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកអំពីសមាជិកភាព របស់ទីម័រឡេស្ត ដោយសម្ដេចបានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ១១ឆ្នាំហើយ ដែលប្រទេសនេះបានរង់ចាំយូរហើយ សម្ដេចបានស្នើឱ្យឯកឧត្តមអគ្គលេខាធិការអាស៊ាន ជួយជំរុញគាំទ្រដល់ការងារនេះ ឱ្យប្រទេសទីម័រឡេស្តចូលជាសមាជិកអាស៊ាននាពេលខាងមុខនេះ។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកអំពីផែនការដែលកម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំនេះ គឺមានផែនការរៀបចំកិច្ចសន្ទនាអាស៊ានពិភពលោក ដែលកាលពីឆ្នាំ២០១២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី២ គឺបានរៀបចំមួយលើក ដូច្នេះឆ្នាំនេះសូមឱ្យអគ្គលេខាធិការអាស៊ានគាំទ្រជួយដល់ការរៀបចំកិច្ចប្រជុំនេះ ក្នុងការអញ្ជើញតួអង្គសំខាន់ៗក្នុងការចូលរួមក្នុងកិច្ចប្រជុំនេះ ជាពិសេសប្រធានបទជុំវិញនឹងការស្ដាក្រោយវិបត្តិកូវីដ១៩។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអរគុណចំពោះ អនុសាសន៍ និងការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការងាររបស់អាស៊ាននាឆ្នាំ២០២២នេះ ។ ឯកឧត្តមសន្យាថានឹងធ្វើការជាមួយ ប្រធានអាស៊ានឆ្នាំនេះ ក៏ដូចជាវិស័យផ្សេងទៀតដែលកម្ពុជាដឹកនាំរួមទាំងបញ្ហាដោះស្រាយកូវីត-១៩ នេះ៕

 

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister