គម្រោងកែលម្អភ័ណភាពនៅបរិវេណមុខព្រះលានជល់ដំរី សម្រេចបានប្រមាណ៧០ភាគរយ !
សៀមរាប៖ គម្រោងកែលម្អសោភ័ណភាព នៅមុខបរិវេណព្រះលានជលដំរី នៃក្រុងអង្គរធំ រហូតមកដល់ពេលនេះ ក្រុមការងារសម្រេចបានប្រមាណជា៧០ភាគរយហើយ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ។
ឯកឧត្តម ឡុង កុសល បានបន្តឲ្យដឹងថា បន្ទាប់ពីអនុវត្តគម្រោងការកែលម្អបច្ចុប្បន្ន នៅបរិវេណមុខព្រះលានជល់ដំរី បាននឹងកំពុងចាប់ផ្តើមប្រែមុខមាត់ថ្មី គួរឲ្យចង់ទស្សនា។ ឯកឧត្តមបន្តទៀតថា ការកែលម្អនៅទីនេះ អាជ្ញាធរជាតិអប្សរា បានធ្វើឡើងឱ្យស្របទៅនឹងលំនាំប្រាសាទបុរាណ ដើម្បីលើកតម្លៃវប្បធម៌ ធ្វើយ៉ាងណាឱ្យខាងមុខព្រះលានជល់ដំរី នេះមានទេសភាពល្អ មានពណ៌បៃតងទាក់ទាញអ្នកទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនា ក្រោយបញ្ចប់ជំងឺកូវីដ-១៩ នាពេលខាងមុខ ។
ការរៀបចំលែងឱ្យមានចរាចរណ៍យានយន្តលើគន្លងផ្លូវចាស់ ដោយជំនួសផ្លូវវាងថ្មីនេះ បានរួមចំណែកសំខាន់ក្នុងការបញ្ជៀសកុំឱ្យប៉ះពាល់ដល់ប្រាសាទបុរាណ ដោយសារតែភាពរំញ័រ នៃគ្រឿងយន្ដ ។ គន្លងផ្លូវចាស់ បានកែលម្អឡើងវិញ ដោយធ្វើជាផ្លូវថ្មើរជើង សម្រាប់ដើរទស្សនាប្រាសាទ និងដើម្បីលើកតម្កើង ថែរក្សា អភិរក្ស វប្បធម៌ជាតិ ។
តាមការគ្រោងទុក ក្នុងករណីដែលមិនមានឧបស័គ្គ ការកែលម្អបរិវេណមុខព្រះលានជល់ដំរីនេះ នឹងត្រូវប្រើរយ:ពេល៦ខែ គិតចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដោយក្រុមការងារនឹងប្រែក្លាយផ្លូវកៅស៊ូ ដែលនៅជាប់នឹងព្រះលានជល់ដំរី ឲ្យក្លាយជាផ្លូវថ្មើរជើង មានដាំស្មៅ និងដើមឈើ ដើម្បីបង្កើនសោភណ្ឌភាពនៅបរិវេណនេះ ឲ្យវិលរកលក្ខណ:ដើម និងភាពស្រស់បំព្រង។ ចំណែកប្រជាពលរដ្ឋដែលធ្វើដំណើរដោយយានយន្ត ពួកគាត់នឹងត្រូវបង្វែរឲ្យធ្វើដំណើរនៅលើផ្លូវប្របប្រាសាទសួរព្រ័តវិញ។
ការកែលម្អនេះដែរ ក៏ធ្វើឡើងតាមឯកសារប្រវត្តិសាស្ត្រ ដែលបានបង្ហាញថា នៅមុនឆ្នាំ១៩០៩ នៅមុខព្រះលានជល់ដំរីនេះ មិនមានផ្លូវធ្វើដំណើរទេ ទើបមកដល់ឆ្នាំ១៩១២ បានគេឃើញមានស្លាកស្នាមផ្លូវមួយខ្សែដែលនៅប្របប្រាសាទសួរព្រ័ត ចំណែកផ្លូវដែលនៅជាប់នឹងព្រះលានជល់ដំរីនោះ គឺមិនទាន់ឃើញមាននោះទេ។
សូមបញ្ជាក់ថា ការរៀបចំកែលម្អនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានប្រើពេលពេញមួយឆ្នាំ២០២០ ដើម្បីធ្វើការកែប្រែសោភណ្ឌភាព មុខប្រាសាទអង្គរវត្ត ឲ្យមានភាពស្រស់បំព្រង សក្តិសមជាដួងព្រលឹង នៃកេរមរតកដូនតាខ្មែរ។ ការរៀបចំនេះដែរ ក៏ជាផ្នែកមួយ ក្នុងការត្រៀមខ្លួនរបស់រមណីយដ្ឋានអង្គរ ក្នុងការទទួលអ្នកទេសចរពីគ្រប់ទិសទីចូលមកកម្សាន្ត ក្រោយពេលពិភពលោកបញ្ចប់វិបត្តិជំងឺឆ្លងកូវីដ-១៩៕
សូមចុច join link Telegram https://t.me/cngtvcambodia
ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប ប្រភព: ក្រសួងព័ត៌មាន