ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារជាតិនៃកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាសហអធិបតីជាមួយឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងពិធីចុះហត្ថលេខារវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងអគ្គនាយដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជារបស់ធនាគារជាតិនៃកម្ពុជាលើអនុស្សរណៈយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃស្ថាប័នទាំងពីរផងដែរ។
ពិធីចុះអនុស្សរណៈនេះធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត និងដើម្បីរួមគ្នាស្វែងរក ទប់ស្កាត់ និងលុបបំបាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងចូលរួមពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់ពិភពលោកផងដែរ។
ថ្លែងទៅកាន់អង្គពិធីនាពេលនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា អនុស្សរណៈយោគយល់នេះនឹងបង្កលក្ខណៈងាយស្រួលដល់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា អាចប្រើប្រាស់ទិន្នន័យដើម្បីកំណត់អត្តសញ្ញាណយានយន្ត ឬនាវា របស់បុគ្គលសង្ស័យ ដែលពាក់ព័ន្ធនឹងសកម្មភាពសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
លើសពីនេះទៀត ឯកឧត្ដមរដ្ឋលេខាធិការបានឱ្យដឹងថា ការចុះហត្ថលេខានេះគឺជាឱកាសដ៏ប្រពៃបំផុតក្នុងការឆ្លើយតបបានទាន់ពេលវេលា និងស្របទៅតាមតម្រូវការនិងសំណូមពរចាំបាច់និងជាបន្ទាន់របស់បងប្អូនប្រជាពលរដ្ឋក៏ដូចជារាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចបំពេញការងារ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិនានាសំដៅរក្សាបាននូវសន្តិសុខសុវត្ថិភាពសង្គម កសាងសង្គមមួយប្រកបដោយសន្តិសុខ សន្តិភាព សុវត្ថិភាព និងស្ថិរភាពដើម្បីបង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត និងដើម្បីឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិដែលតម្រូវឱ្យកម្ពុជាមានយន្តការជាក់លាក់ តាមរយៈការពង្រឹងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃពី២៧ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះព្រះករុណាព្រះបាទ សម្ដេចនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មគ្រប់រូបភាព ក្នុងគោលបំណងធានាប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមរដ្ឋលេខាធិការបានសម្ដែងនូវការកោតសរសើរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពទាំងបីដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងពេលវេលាក្នុងការរៀបចំតាក់តែងអនុស្សរណៈនេះឡើង និងស្នើឱ្យអង្គភាពទាំងបីសហការគ្នាឱ្យបានស្អិតរមួតថែមទៀត ដើម្បីអនុវត្តការងារនេះឱ្យកាន់តែមានប្រសិទ្ធស្របតាមផែនការសកម្មភាពរបស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕
ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន