ម្សិលមិញនេះ អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា បានផ្ដល់ជូនប្រទេសវៀតណាមហើយ

នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១ អំណោយជាសម្ភារ:បរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

 
ម្សិលមិញនេះ អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា បានផ្ដល់ជូនប្រទេសវៀតណាមហើយ

ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុកខ្លាំងនាពេលបច្ចុប្បន្ននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនប្រទេសវៀតណាម។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

ចំណែកលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បានជួយឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។

ដូចនេះ អំណោយដែលផ្តល់ជូនប្រទេសវៀតណាម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងកូវីដ១៩ មានថវិកាសរុប ៣៥ម៉ឺនដុល្លារ, ម៉ាសធម្មតា១លាន និងម៉ាស N95 ១០ម៉ឺន ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង៕

សូមចុច join link Telegram https://t.me/cngtvcambodia

ប្រភពផេកហ្វេសប៊ុកសម្តេច ហ៊ុន សែន