ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី២៩ នៅខេត្តសៀមរាបបានបំបែកកំណត់ត្រាមានអ្នកចូលរួមច្រើនជាងគេ
នាថ្ងៃអាទិត្យ ១ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី២៩ នៅខេត្តសៀមរាបបានបំបែកកំណត់ត្រាមានអ្នកចូលរួមច្រើនជាងគេ ប្រមាណ១៤.០០០ នាក់ មកពី ៨៧ប្រទេស នៅលើទឹកដីអង្គរ ខេត្តសៀមរាប។
កីឡារស់ក្នុងសន្តិភាព ក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ នៅលើទឹកដីអង្គរ ដែលបានអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ព្រមទាំងប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណជាង ១៤.០០០ នាក់ មកពី ៨៧ប្រទេស នៅលើទឹកដីអង្គរ ខេត្តសៀមរាប។
មុនចាប់ផ្តើមចេញដំណើរប្រកួត ជាមួយនឹងស្នាមញញឹមប្រកបដោយភាពស្វាហាប់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការចូលរួមរបស់អត្តពលិកទាំងអស់ គឺជាការគាំទ្រដល់យុទ្ធនាការអប់រំ សុខភាពសាធារណៈ មនុស្សធម៌ ជាពិសេសជនពិការដែលរងគ្រោះដោយសារគ្រាប់មីន។ ការចូលរួមដ៏ច្រើននាពេលនេះដែរ បានបង្ហាញពីសក្ខីភាពនៃសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា។
សូមជម្រាបថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ដ៏ធំនិងមានវ័យចំណាស់ជាងគេរបស់កម្ពុជាមួយនេះ មានគោលបំណងចម្បង លើកកម្ពស់ដល់វិស័យមនុស្សធម៌ ជាពិសេសជនពិការដែលរងគ្រោះដោយសារគ្រាប់មីន។ ទិវានេះមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល និងបច្ចេកទេសរត់ប្រណាំងស្ដង់ដារកម្រិតអន្តរជាតិដោយគណៈកម្មាធិការម៉ារ៉ាតុងពិភពលោក IAAF និងAIMF៕
ប្រភព៖ក្រសួងព័ត៌មាន - Ministry of Information
សូមចុច join Telegram https://t.me/cngtvcambodia