គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម និមន្តបន្តទស្សនកិច្ចទស្សនាប្រាសាទបន្ទាយស្រី និងប្រាសាទភ្នំបាក់ខែង ខេត្តសៀមរាប
នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះតេជគុណ ថាច់ ញឹក ព្រះអនុគណរង និងជាព្រះចៅអធិការវត្តស្វាយសៀមថ្មីខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបន្តនិមន្តមកទស្សនកិច្ចទស្សនាប្រាសាទបន្ទាយស្រី និងប្រាសាទភ្នំបាក់ខែង ខេត្តសៀមរាប។
នៅក្នុងដំណើរទស្សនកិច្ចលើកទី១មក កាន់ព្រះរាជណាចក្រកម្ពុជាគណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ដែលនិមន្តមកពីខេត្តត្រាវិញ ទាំង៦ព្រះអង្គ ដឹកនាំដោយព្រះតេជគុណ ថាច់ ញឹក ព្រះអនុគណរង និងជាព្រះចៅអធិការវត្តស្វាយសៀមថ្មីខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបន្តនិមន្តមកទស្សនកិច្ចទស្សនាប្រាសាទបន្ទាយស្រី និងប្រាសាទភ្នំបាក់ខែង ខេត្តសៀមរាប នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ដោយមានការអមដំណើរដោយ ឯកឧត្តម គង់ ប៊ុនលី មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស, ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រមជាមួយមន្ត្រីអាជ្ញាធរអប្សារាជាច្រើនរូបផងដែរ។ ។
គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម បានមានព្រះថេរដីកាថា តួយ៉ាងលក្ខណៈលេចធ្លោរបស់បណ្តាប្រាសាទខ្មែរ មានពោរពេញដោយរូបចម្លាក់យករស់រវើក ផុសចេញជាក្បូរក្បាច់រចនាឥតខ្ចោះ ឆ្លាក់ចេញជាសាច់រឿងបូរាណខ្មែរ អប្សរារេរាំមានលក្ខណៈពិសេសខុសៗគ្នា ទាំងប្រាង្គន័យប្រាសាទ
ទាំងការសាងសងមានកន្លែងបង្ហូរទឹកច្បាស់លាស់ រហូតអន្តរជាតិមានការងឿងឆ្ងល់ពីស្ថាបត្យកម្មដ៏អស្ចារ្យរបស់បុព្វបុរសកាលពីសម័យបូរាណកាល ។
នៅគណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម មានព្រះថេរដីកាបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា រយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ ពិតជាឱកាសមានតម្លៃដ៏វិសេសវិសាលបំផុត ដែលបានមកទស្សនាប្រាង្គប្រាសាទនានា ពិសេសប្រាសាទអង្គរវត្ត ដែលជាប្រាសាទស្រស់ស្អាតដាច់គេនៅតំបន់អាសុី ។
សូមជម្រាបជូនថាក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម បានចូលក្រាបបង្គំគាល់សម្តេចព្រះមហាសង្ឃរាជទាំង២គណៈ សម្តេចសង្ឃនាយកស្តីទី នៃគណៈមហានិកាយ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដើម្បីថ្លែងអំណរព្រះគុណ និងអរគុណដោយផ្ទាល់ដល់សម្តេចព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្ត ស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ៕