រដ្ឋមន្រ្តីសុខាភិបាល៖ «ការពង្រឹងភាពជាអ្នកដឹកនាំ នឹងនាំទៅដល់ការធានាបាននូវភាពធន់របស់ប្រព័ន្ធសុខាភិបាល ចំពោះមុខការប្រឈមនាពេលខាងមុខ»

ថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គបណ្តុះបណ្តាល ភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)សរុបចំនួន ៣៣៤៨នាក់។

 
រដ្ឋមន្រ្តីសុខាភិបាល៖ «ការពង្រឹងភាពជាអ្នកដឹកនាំ នឹងនាំទៅដល់ការធានាបាននូវភាពធន់របស់ប្រព័ន្ធសុខាភិបាល ចំពោះមុខការប្រឈមនាពេលខាងមុខ»

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកបទពិសោធន៍ជាក់ស្តែងនៃការដឹកនាំ ដែលធ្វើឱ្យការងារសុខាភិបាលមានប្រសិទ្ធិភាពមកបង្ហាញដូចជា៖(១)គោលដៅចុងក្រោយបង្អស់របស់ការដឹកនាំ គឺមិនមែនសម្រាប់បម្រើផលប្រយោជន៍បុគ្គលទេ តែជាការកសាងមូលដ្ឋានគ្រឹះសម្រាប់អោយសង្គមទាំងមូលអាចទទួលបាននូវភាពរីកចំរើន។(២)នៅក្នងដំណើរនៃការដឹកនាំ អ្នកដឹកនាំត្រូវតែមានគុណភាពប្រកបដោយភាពរស់រវើក និងមិនបណ្តែតបណ្តោយដោយមិនខ្វល់ខ្វាយពីគោលដៅ (៣) ការពង្រឹងភាពជាអ្នកដឹកនាំអាចជួយឱ្យប្រព័ន្ធសុខាភិបាលកាន់តែមានភាពធន់ ដែលអាចឆ្លើយតបទៅនឹងវិបត្តិផ្សេងៗដែលអាចកើតមាន(៤)អ្នកដឹកនាំត្រូវប្រើប្រាស់ភាពវាងវៃរបស់ខ្លួនគិតគូរពីយុទ្ធសាស្រ្ត ប្រមើលមើលពីបញ្ហាប្រឈម និងប្រយ័ត្នប្រយែងក្នុងការងារប្រចាំថ្ងៃ(៥)អ្នកដឹកនាំត្រូវធ្វើការដឹកនាំ ដែលចេញពីភាពជាក់ស្តែង ដោយធ្វើការនៅលើទីលានផ្ទាល់ និងត្រូវធ្វើការដោយភាពស្មោះត្រង់ ជាមួយនឹងសុខភាពប្រជាជន។

ជាកិច្ចបន្តក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ដោះស្រាយបញ្ហាកកស្ទះនៅផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យក្នុងឆ្នាំ២០២៥កន្លងមក ដោយទទួលបានលទ្ធផលល្អ។ ក្រោយពីការពិភាក្សា ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានផ្តល់ការណែនាំដល់មន្ទីរពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើការលំអរផ្នែកសង្គ្រោះបន្ទាន់ (Emergency) ដោយសារផ្នែកនេះជាស្នូលរបស់មន្ទីរពេទ្យ៕











ប្រភព៖  
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា