កម្ពុជាផ្អាកការផ្តល់ទិដ្ឋាការរយៈពេល១ខែ សម្រាប់ភ្ញៀវបរទេស ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ចាប់ពីថ្ងៃទី៣០ មីនា ២០២០

កម្ពុជាសម្រេចផ្អាកការផ្តល់ទិដ្ឋាការរយៈពេល១ខែ សម្រាប់ភ្ញៀវបរទេសដែលចង់មកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ មីនា ២០២០តទៅ។

 
កម្ពុជាផ្អាកការផ្តល់ទិដ្ឋាការរយៈពេល១ខែ សម្រាប់ភ្ញៀវបរទេស ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ចាប់ពីថ្ងៃទី៣០ មីនា ២០២០
Photo Credit: Press OCM

ភ្នំពេញ៖  ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថ្ងៃទី២៧ មីនា ២០២០នេះថា កម្ពុជាសម្រេចផ្អាកការផ្តល់ទិដ្ឋាការរយៈពេល១ខែ សម្រាប់ភ្ញៀវបរទេសដែលចង់មកប្រទេសកម្ពុជា។ វិធានការនេះធ្វើឡើង ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ និងស្របតាមវិធានការរបស់បណ្តាប្រទេសអាស៊ានផងដែរ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០តទៅ។

តាមសេចក្តីប្រកាសព័ត៌មាន វិធានការទាំងនោះរួមមាន៖

១. ផ្អាកគោលការណ៍លើកលែងទិដ្ឋាការ និងការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិច ត្រូនិច(e-Visa) និងទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) ជូនជនបរទេសទាំងអស់ ក្នុងរយៈពេលមួយខែ។

២. ជនបរទេសដែលមានបំណងធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំទិដ្ឋាការ ជាមុន នៅតាមស្ថានតំណាងកម្ពុជានៅបរទេស។ ជនបរទេសនោះត្រូវផ្តល់នូវវិញ្ញាបនប័ត្រ បញ្ជាក់សុខភាព ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចផ្នែកសុខភាពនៃប្រទេសរបស់ សាមីខ្លួន ដែលមានសុពលភាពមិនលើសពី ៧២ម៉ោង មុនពេលធ្វើដំណើរ បញ្ជាក់ថាខ្លួន ពុំមានវីរុសកូរ៉ូណា(កូវីដ-១៩)ទេ។ បន្ថែមលើសពីនេះ ជនបរទេសត្រូវមានឯកសារធានា រ៉ាប់រង ដែលបញ្ជាក់ពីការរ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥០.០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។

៣. តម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាពមិនត្រូវបានអនុវត្ត ចំពោះជនបរទេស ដែលកាន់ទិដ្ឋាការការទូត (ទិដ្ឋាការប្រភេទ A) ឬទិដ្ឋាការផ្លូវការ (ទិដ្ឋាការ ប្រភេទ B) របស់កម្ពុជា។

៤. នៅពេលចូលមកព្រះរាជាណាចក្រកម្ពុជា ជនបរទេសនឹងត្រូវត្រួតពិនិត្យហានិភ័យសុខភាព ដោយមន្រ្តីមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល មុននឹងអនុញ្ញាតឱ្យចូលក្នុងប្រទេស។ ជន បរទេសនោះ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ស្របតាមវិធានការចត្តាឡីស័ក ឬវិធានការ នានា ដែលបានកំណត់ដោយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់វីរុសនេះ ។

៥. រាល់ការរឹតបន្តឹងក្នុងការធ្វើដំណើរខាងលើ គឺមានលក្ខណៈជាបណ្តោះអាសន្ន ហើយនឹងត្រូវ ពិនិត្យឡើងវិញជាប្រចាំដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើការវិវត្តន៍នៃស្ថានភាពជា សកលពាក់ព័ន្ធនឹងវីរុសនេះ។

សូមរម្លឹកផងដែរថា គិតត្រឹមម៉ោង ៧:០០ ព្រឹកថ្ងៃទី២៨ មីនា ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មាន១០២នាក់ ដោយក្នុងនោះស្រី ២៧នាក់ និងប្រុស ៧៥នាក់ ហើយមានករណីជាសះស្បើយសរុបចំនួន១៣ ក្នុងនោះមានជនជាតិខ្មែរ១១នាក់ និងជនបរទេស២នាក់ គិតពីខែមករា រហូតមកទល់ពេលបច្ចុប្បន្ន៕

 

ដោយ៖ ចាប មិថុនា