ក្រុមឃ្លាំមើលក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវបានបណ្តេញចេញ ក្រោយស៊ើបអង្កេតលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត
វ៉ាស៊ីនតោន៖ តាមសម្តីរបស់សមាជិកសភាអាមេរិកម្នាក់បានឲ្យដឹងថា អគ្គធិការកិច្ចក្រសួងការបរទេសម្នាក់ត្រូវបានបញ្ឈប់ពីតួនាទីភ្លាមៗ ដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែមុន ដែលបានបញ្ជាក់កាលពីថ្ងៃពុធនេះថា លោកបានកំពុងតែស៊ើបអង្កេតលើករណីស្តីពីការប្រកាស “ភាពអាសន្នថ្នាក់ជាតិ” ដើម្បីកែតម្រូវការលក់អាវុធយុទ្ធភ័ណ្ឌទៅឱ្យប្រទេសអារ៉ាប់ប៊ីសាអូឌីត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងាររបស់សារព័ត៌មាន Reuters ។
សូមរម្លឹកផងដែរថា អគ្គធិការកិច្ចលោក ស្ទីវ លីនីក (Steve Linick) ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី ១៥ ខែឧសភា ដែលនេះជាករណីនៃការបណ្តេញចេញលើកទី៤ទៅលើអ្នកឃ្លាំមើលរបស់រដ្ឋាភិបាល ធ្វើឡើងដោយ ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្នុងបទសម្ភាសន៍ជាមួយសមាជិកសភាលោក លីនីក ក៏បានបញ្ជាក់ផងដែរថាលោកក៏កំពុងសើបអង្កេតការចោទប្រកាន់ដែលថា រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក ម៉ាយ៍ ប៉ុមប៉េអូ (Mike Pompeo) និងភរិយារបស់លោក ដែលបានប្រើប្រាស់ធនធានរបស់ក្រសួងការបរទេសដោយមិនត្រឹមត្រូវផងដែរ។
គួរបញ្ជាក់ផងដែរថា សមាជិកសភាបាននិយាយថាលោក លីនីក កំពុងស៊ើបអង្កេតលើការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ចំពោះការប្រកាសអាសន្នថ្នាក់ជាតិកាលពីឆ្នាំមុន ដើម្បីលក់អាវុធយុទ្ធភ័ណ្ឌទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត បើទោះបីជាមានការជំទាស់ពីសភាក៏ដោយ ដោយរួមមានការស៊ើបអង្កេតលើការចោទប្រកាន់លោក ប៉ុមប៉េអូ ថាបានប្រើបុគ្គលិករដ្ឋសម្រាប់កិច្ចការផ្ទាល់ខ្លួនផងដែរ៕
ប្រភព៖ Reuters ប្រែសម្រួល៖ ជា បញ្ញា