សេចក្ដីព្រាងច្បាប់ពាណិជ្ជកម្មក្រោមក្របខណ្ឌអាស៊ានចំនួនពីរ ត្រូវបានអនុម័តយល់ព្រមដោយព្រឹទ្ធសភា

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងរាជរដ្ឋាភិបាល បានដឹកនាំគណៈប្រតិភូ ក្រសួងពាណិជ្ជកម្ម ដើម្បីចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន (AJCEP - 1st Protocol) និង ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម (AFAS10) នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

 
សេចក្ដីព្រាងច្បាប់ពាណិជ្ជកម្មក្រោមក្របខណ្ឌអាស៊ានចំនួនពីរ ត្រូវបានអនុម័តយល់ព្រមដោយព្រឹទ្ធសភា
សេចក្ដីព្រាងច្បាប់ពាណិជ្ជកម្មក្រោមក្របខណ្ឌអាស៊ានចំនួនពីរ ត្រូវបានអនុម័តយល់ព្រមដោយព្រឹទ្ធសភា

ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចមក សម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក៏បានអនុម័តយល់ព្រមទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម។

គួរជម្រាបផងដែរថា ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន នឹងធ្វើឱ្យពាណិជ្ជកម្មអាស៊ាន-ជប៉ុន មានភាពល្អប្រសើរឡើង ឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ចពិភពលោក តាមរយៈការធ្វើសេរីភាវូបនីយកម្មលើពាណិជ្ជកម្មសេវាកម្ម បម្លាស់ទីរូបវន្តបុគ្គល និងការវិនិយោគ។ ក្រោយពីពិធីសារនេះចូលជាធរមាននឹងជំរុញការទាក់ទាញវិនិយោគិននិងធុរកិច្ចជនជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ហើយលំហូរនៃបច្ចេកទេសនិងបច្ចេកវិទ្យាកាន់តែមានភាពល្អប្រសើរ។ កម្ពុជានឹងអាចមានកាលានុវត្តភាពកាន់តែច្រើនក្នុងការទទួលបានផលប្រយោជន៍ពីពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម ដោយសារអាស៊ានគឺជាទីផ្សារតំបន់ដ៏ធំមួយ ព្រមទាំងអាចទាក់ទាញអ្នកវិនិយោគនិងធុរជនពីប្រទេសនានាក្នុងអាស៊ាន មកវិនិយោគលើវិស័យសេវាកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយបង្កើតឱកាសសម្រាប់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្មរបស់ខ្លួនទៅកាន់ប្រទេសនានាក្នុងអាស៊ាន។ លើសពីនេះទៀត កម្ពុជានឹងទទួលបានផលប្រយោជន៍លើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង បំណិន និងជំនាញថ្មីៗពីការវិនិយោគដោយផ្ទាល់របស់សមាជិកអាស៊ាន។ កម្ពុជានឹងអាចប្រមូលចំណូលពន្ធអាករកាន់តែច្រើនឡើងជាចំណូលជាតិ ដោយអនុលោមទៅតាមច្បាប់សារពើពន្ធកម្ពុជាពីការធ្វើអាជីវកម្មពាណិជ្ជកម្មសេវាកម្មរបស់សមាជិកអាស៊ានផ្សេងទៀតនៅកម្ពុជា៕

 

ប្រភព: ក្រសួងពាណិជ្ជកម្ម