ជំនួបពិភាក្សាការងារ និងជម្រាបលា របស់លោក Mr. Sugano Yuichi និងជំនួបសម្តែងការគួរសម របស់លោកស្រី Kamei Haruko ប្រធានតំណាងJICA ថ្មីប្រចាំកម្ពុជា

កាលពីថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានទទួលជួបពិភាក្សាការងារ និងជម្រាបលា ពីលោក Sugano Yuichi អតីតប្រធានតំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន (JICA) និងជំនួបសម្តែងការគួរសមពីលោកស្រី Kamei Haruko ប្រធានតំណាង JICA ថ្មី ដែលទើបនឹងទទួលការតែងតាំង អមដោយជំនាញការទទួលបន្ទុកគោលនយោបាយដឹកជញ្ជូន និងភស្តុភារកម្ម។

 
ជំនួបពិភាក្សាការងារ និងជម្រាបលា របស់លោក Mr. Sugano Yuichi និងជំនួបសម្តែងការគួរសម របស់លោកស្រី Kamei Haruko ប្រធានតំណាងJICA ថ្មីប្រចាំកម្ពុជា
ជំនួបពិភាក្សាការងារ និងជម្រាបលា របស់លោក Mr. Sugano Yuichi និងជំនួបសម្តែងការគួរសម របស់លោកស្រី Kamei Haruko ប្រធានតំណាងJICA ថ្មីប្រចាំកម្ពុជា

ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជប៉ុន តាមរយៈJICA ដែលបានផ្តល់នូវជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានកោតសរសើរ​ចំពោះតួនាទីដ៏សំខាន់របស់ លោក Sugano Yuichi ក្នុងការជួយគាំទ្រដល់ការគៀងគរ និងស្វែងរកការគាំទ្រពីជប៉ុនក្នុងការផ្តល់នូវហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនា​សម្ព័ន្ធនៅកម្ពុជា។ ជាក់ស្តែង ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណដល់ជប៉ុន ដែលផ្តល់នូវគ្រឿងចក្រសម្រាប់សាងសង់ផ្លូវដល់ក្រសួង ចំពេលដែលក្រសួងត្រូវការជាចាំបាច់ក្នុងការបញ្ជូនទៅសម្រាប់ការសាងសង់ផ្លូវទាំង៣៨ខ្សែនៅសៀមរាប។

ជាការឆ្លើយតប លោក Sugano Yuichi ក៏បានថ្លែងអំណរគុណដល់ក្រសួងចំពោះកិច្ចសហការយ៉ាងពេញទំហឹងកន្លងមក និងបានណែនាំ លោកស្រី Kamei Haruko ប្រធានតំណាង JICA លោក Sasaki Jun ទីប្រឹក្សាគោលនយោបាយដឹកជញ្ជូន និងលោក Kobayashi Kenichi ប្រធានទីប្រឹក្សានៃគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្ម ដែលទើបទទួលការតែងតាំងថ្មី និងកាន់ការងារនៅកម្ពុជា។

នៅក្នុងជំនួបនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗហិរញ្ញប្បទានដោយJICA រួមមាន ការសាងសង់ផ្លូវជាតិលេខ៥ ដែលជាឆ្អឹងខ្នងរបស់ប្រទេស ក្នុងការតភ្ជាប់ជាមួយបណ្តាប្រទេសដទៃទៀតក្នុងតំបន់ រួមមាន ថៃ វៀតណាម​ និងមីយ៉ាន់ម៉ា និងស្ពានត្សឹបាសា(ស្ពានអ្នកលឿង)នៅផ្លូវជាតិលេខ១ដែលផ្នែកមួយនៃផ្លូវល្បឿនលឿនរបស់អាស៊ានAH1

ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី​​ ក៏បានជម្រាបជូនថា ទីតាំងថ្មីរបស់ក្រសួងបានរៀបចំជិតរួចរាល់ហើយ រួមមាន អាគារធំ និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសសាធារណការនិងដឹកជញ្ជូន និងស្នើសុំឱ្យ JICA ជួយក្នុងការកសាងសមត្ថភាពមន្ត្រីក្រសួង ដោយផ្តល់នូវវគ្គបណ្តុះបណ្តាលរយៈពេលខ្លី មួយឬពីរសប្តាហ៍។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីការផ្តល់ជូននូវឧបករណ៍និងគ្រឿងចក្រសម្រាប់សាងសង់ ដែលមានទឹកប្រាក់សរុប ៨លានដុល្លារ អាមេរិក ដល់មន្ទីរសាធារណការ និងដឹកជញ្ជូននៅទូទាំងប្រទេស៕

 

 

 

ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន