ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំកំពូល និងពិព័រណ៍ទីក្រុងឆ្លាតអាស៊ានឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំកំពូល និងពិព័រណ៍ទីក្រុងឆ្លាតអាស៊ានឆ្នាំ២០២០ជាមួយបណ្ដាប្រទេសអាស៊ាន តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ក្រោមអធិបតីភាពឯកឧត្តម ស៊ វរិន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការចូលរួមពីអគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

 
ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំកំពូល និងពិព័រណ៍ទីក្រុងឆ្លាតអាស៊ានឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ

ក្នុងមតិស្វាគមន៍ ឯកឧត្តមNguyen Tuong Van អនុរដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម បានលើកឡើងថា បញ្ហាជំងឺកូវីដ-១៩បានផ្ដល់នូវផលប៉ះពាល់ជាច្រើនដល់ការអភិវឌ្ឍ និងសេដ្ឋកិច្ចរបស់ប្រទេសជាច្រើន ដែលក្នុងនោះរួមមានប្រទេសដែលជាសមាជិកអាស៊ានផងដែរ ប៉ុន្តែនេះជាឱកាសល្អសម្រាប់លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងវិស័យនានារបស់រដ្ឋាភិបាល ដែលមានសារៈសំខាន់ច្រើនសម្រាប់ការអភិវឌ្ឍរបស់ទីក្រុងឆ្លាតអាស៊ាន។

ឯកឧត្តមបានបន្តថា កិច្ចប្រជុំកំពូល និងពិព័រណ៍ទីក្រុងឆ្លាតអាស៊ាននេះ នឹងផ្ដល់នូវគំនិតយោបល់ល្អៗសម្រាប់ប្រទេសដែលជាសមាជិកក្នុងការស្វែងរកនូវដំណោះស្រាយបញ្ហាប្រឈមនានា ក្នុងន័យលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋរបស់ប្រទេសខ្លួន។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល និងពិព័រណ៍ទីក្រុងឆ្លាតអាស៊ានឆ្នាំ២០២០នេះ ត្រូវបានរៀបចំឡើងដោយ ភាគីវៀតណាម ក្រោមប្រធានបទ «ទីក្រុងឆ្លាតឆ្ពោះទៅសហគមន៍ អត្តសញ្ញាណ និងនិរន្តរភាពសម្រាប់អាស៊ានប្រកបដោយភាពឆ្លើយតប និងស្អិតរមួត»។ សម្រាប់កិច្ចប្រជុំនេះផងដែរ ប្រទេសដែលជាសមាជិកបណ្ដាទីក្រុងឆ្លាតអាស៊ាន ត្រូវជ្រើសរើសប្រធានបទមួយក្នុងចំណោមប្រធានបទចំនួន០៥ដែលត្រូវពិភាក្សាទៅតាមកម្មវិធីសន្និសីទដាច់ដោយឡែកពីគ្នា ហើយប្រទេសកម្ពុជាបានជ្រើសរើសចូលរួមក្នុងកម្មវិធីសន្និសីទដែលផ្ដោតលើប្រធានបទស្ដីពី ការគ្រប់គ្រង និងការរៀបចំផែនការទីក្រុងឆ្លាត ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុង និងនគរូបនីយកម្ម (smart urban planning and management in the urbanisation and urban development strategy)៕

 

 

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា